សមត្ថកិច្ច បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​បាន​ជាង ១៨​គីឡូក្រាម និង​ចាប់ខ្លួន​ជន​ជនសង្ស័យ​ម្នាក់​

​ភ្នំពេញ​៖ កម្លាំង​ជំនាញ​(​ក​៩) នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន បានធ្វើការ​ស៊ើបអង្កេត និង​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន នៅ​ចំណុច​ក្រោយ​ស្ថានទូត​ចិន មុខ​ភោជនីយដ្ឋាន​ទស្ស​វត្ត​រ៍​៦០ ស្ថិតក្នុង​សង្កាត់​ទំនប់ទឹក ខណ្ឌ​បឹង​កេងកង និង​បន្តទៅ​ឆែកឆេរ​បន្ទប់​ជួល​លេខ​២០៣(​ហេង ឌឿ​ន អា​ផាត​មិន​) ភូមិ​១ សង្កាត់​ទំនប់ទឹក ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ​។​

​យោងតាម​របាយការណ៍​របស់​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន នៅ​ល្ងាច​ថ្ងៃទី​១៨ ខែសីហា ឆ្នាំ​២០២២ បាន​បញ្ជាក់ថា ក្នុង​ប្រតិបត្តិ​ការបង្ក្រាប​នោះ បានធ្វើ​ឡើង​កាលពី​ថ្ងៃទី​១៧ ខែសីហា ឆ្នាំ​២០២២ ដោយ​សមត្ថកិច្ច​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ ហេង សុវណ្ណ​បូរី ភេទ​ប្រុស អាយុ​៤១​ឆ្នាំ ជនជាតិខ្មែរ​។ ចំណែក​វត្ថុតាង​ចាប់យក រួមមាន កេ​តា​មីន​(KETAMIN) ទម្ងន់​សុទ្ធ ៤៤៧.៩៤​ក្រាម​, មេ​តំ​ហ្វេ​តា​មីន​(ICE) ទម្ងន់​សុទ្ធ ១២.៦១​ក្រាម​, អ៊ិ​ច​ស្តា​ស៊ី​(MDMA) ទម្ងន់​សុទ្ធ ១៧​គីឡូក្រាម និង​៨៦៤.០៤​ក្រាម​។ សរុប​សារធាតុ​ញៀន ១៨​គីឡូក្រាម និង ៣២៤.៥៩​ក្រាម និង​ម៉ូតូ​១​គ្រឿង​។​

​ក្រោយពេល​ចាប់ខ្លួន​ជនសង្ស័យ និង​វត្ថុតាង​គ្រឿងញៀន សមត្ថកិច្ច​ជំនាញ​បាន​កសាង​សំណុំរឿង បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close