ខ្លាច​បែកធ្លាយ​សារធាតុ​បរមាណូ អ៊ុយ​ក្រែ​ន​ហ្វឹកហាត់​ក្រុម​ជំនាញ​សម្រាប់​ទប់ស្កាត់​

មន្ត្រី​អ៊ុយ​ក្រែ​ន នៅ​ថ្ងៃទី ១៧​ខែសីហា បាន​បើក​ការហ្វឹកហាត់​ទប់ស្កាត់​គ្រោះមហន្តរាយ​បរមាណូ នៅ​ជិត​រោងចក្រ​អគ្គិសនី​បរមាណូ Zaporizhzhia ដែល​គ្រប់គ្រង​ដោយ​រុស្ស៊ី រង​ការវាយប្រហារ ។​

​នៅក្នុង​ការហ្វឹកហាត់​នេះ កម្លាំង​ប្រតិកម្ម​រហ័ស​របស់​អ៊ុយ​ក្រែ​ន បាន​ស្លៀ​ត​ឈុត​ការពារ ជួយសង្គ្រោះ​បន្ទាន់ និង​ត្រួតពិនិត្យ​សារធាតុ​វិទ្យុសកម្ម ។ ការហ្វឹកហាត់​នេះ​នឹង​បន្ត​ធ្វើឡើង ក្នុងពេល​ខាងមុខ ។​

​រុស្ស៊ី​នឹង​អ៊ុយ​ក្រែ​ន​បាន​ចោទប្រកាន់​គ្នា​ទៅវិញទៅមក ពី​ការវាយប្រហារ​នៅ​ជិត​ទីតាំង​រោងចក្រ​អគ្គិសនី Zaporizhzhia ក្នុង​រយៈពេល​កន្លងមក​។​

​រដ្ឋមន្ត្រីក្រសួង​ថាមពល​អ៊ុយ​ក្រែ​ន លោក Herman Halushchenko បាន​បញ្ជាក់ថា រដ្ឋាភិបាល​របស់លោក​បង្ហាញ​ក្តីបារម្ភ យ៉ាងខ្លាំង​ពី​កម្រិត​សុ​ត្ថិ​ភាព របស់ Zaporizhzhia ជា​រោងចក្រ​អគ្គិសនី​ដើរ​ដោយ​ថាមពលបរមាណូ​ទ្រង់ទ្រាយ​ធំ​បំផុត​នៅក្នុង​តំបន់​អឺរ៉ុប ស្ថិតនៅ​ភាគ​ខាងកើត​ប្រទេស​អ៊ុយ​ក្រែ​ន​។​

​អ៊ុយ​ក្រែ​ន និង​រុស្ស៊ី ចង់​ឲ្យ​ក្រុម​ស្រាវជ្រាវ​របស់​អង្គការ​ថាមពលបរមាណូ​អន្តរជាតិ IAEA ទៅកាន់​រោងចក្រ​ខាងលើ​។ អគ្គនាយក​អង្គការ IAEA លោក Rafael Grossi បាន​ឲ្យ​ដឹងថា លោក​នឹង​ដឹក​នាំទៅ​ត្រួត​ព​និត្យ​ដោយផ្ទាល់​ពី​កម្រិត​សុវត្ថិភាព​៕


កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close