មេខ្លោង​ចលនា​ទន្ទ្រាន​ដីព្រៃ នៅ​ខេត្ត​ព្រះសីហនុ ចូល​សារភាព​ទោសកំហុស និង​សុំ​អភ័យទោស​ពី សម្តេច​តេ​ជោ​

​ភ្នំពេញ​៖ តប​តាម​ការអំពាវនាវ​រប​ស់ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា លោក ផុន ផេ​ន ដែលជា​អ្នក​បំផុសបំផុល​ចលនា​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​របស់​រដ្ឋ ក្នុង​ដែន​ឧទ្យាន​ជាតិ​ជួរ​ភ្នំពេញ​ក្រវាញ​ខាងត្បូង ស្ថិតនៅ​ក្នុងភូមិ​ចាំ​ស្រី ឃុំ​កំពង់សីលា ស្រុក​កំពង់សីលា ខេត្ត​ព្រះសីហនុ បាន​ចូល​សារភាព​ទោសកំហុស នៅ​ល្ងាច​ថ្ងៃទី​១៨ ខែសីហា ឆ្នាំ​២០២២ ម្សិលមិញ នៅ​សាលាដំបូង​ខេត្ត​ព្រះសីហនុ​។​

​ជាមួយនឹង​ការទទួល​កំហុស​នេះ លោក ផុន ផេ​ន បាន​សុំ​អភ័យទោស​ពីស​ម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​អាជ្ញាធរខេត្ត​ចំពោះ​ការប្រព្រឹត្ត​ទង្វើ​របស់ខ្លួន ក្នុងការ​ទន្ទ្រាន​យក​ដីព្រៃ​របស់​រដ្ឋ​។ ទន្ទឹមនឹងនេះ លោក​បាន​អំពាវនាវ​ដល់​ពលរដ្ឋ​ទាំងអស់ កុំឱ្យ​យកតម្រាប់​តាម​លោក និង​ឈប់​ទន្ទ្រាន​កាន់កាប​ដីព្រៃ​តទៅទៀត ហើយ​ចូលរួម​ស្រលាញ់​ព្រៃឈើ​ទាំងអស់គ្នា​។​

​សូមបញ្ជាក់ថា ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ជូន​និស្សិត​សាកលវិទ្យាល័យ​ពុទ្ធិ​សាស្ត្រ​សរុប ៦២៣​នាក់ នា​ព្រឹក​ថ្ងៃ​ពុធ ទី​១៧ ខែសីហា ឆ្នាំ​២០២២ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ជំរុញ​ឱ្យ​បុគ្គល​ម្នាក់ ដែលជា​មេខ្លោង នៃ​ចលនា​នាំ​ប្រជាពលរដ្ឋ​ទន្ទ្រាន​ដីព្រៃ នៅ​ខេត្ត​ព្រះសីហនុ ដែល​ផ្សព្វផ្សាយ​ថា​ខ្លួន​ជា​ជនរងគ្រោះ​នោះ ចូល​សារភាព​ទោសកំហុស ដោយ​សម្តេច​បាន​អះអាងថា រូបគេ​នឹងមិន​ត្រូវបាន​ជាប់ឃុំ​នោះទេ​។​

​សម្តេច​បានឃើញ​បុគ្គល​រូបនោះ បាន​ពាក់អាវ​គណបក្ស​ប្រជាជន​កម្ពុជា ហើយ​អំពាវនាវ​ឱ្យ​សម្តេច​ជួយ​។ ក្រោយពី​បាន​បញ្ជូន​ករណីនេះ ទៅ​ខេត្ត​ព្រះសីហនុ សម្តេច​បានដឹងថា ជន​នោះ​ក្រុម​នេះ​ជា​ក្រុម​ដែល​ទៅ​កាប់​ទន្ទ្រាន​ដីព្រៃ​រដ្ឋ ហើយ​ជា​មេខ្លោង ទើប​សម្តេច​ជំរុញ​ឱ្យ​ជន​នោះ​ចេញមុខ​ទទួលខុសត្រូវ​៕

វីឌីអូ ខាងក្រោម៖
https://www.facebook.com/preahsihanoukprovincialadministration/videos/425487686059750

​ប្រភព​៖ Fresh News​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close