សម្ដេច​ក្រឡាហោម ស ខេង បន្ត​លើកទឹកចិត្ត​ឲ្យ​មានការ​គាំទ្រ​បន្ថែមទៀត ពី​ចក្រភព​អង់គ្លេស ជាពិសេស​លើ​ការងារ​ប្រយុទ្ធប្រឆាំង​បទល្មើស​បច្ចេកវិទ្យា

​នា​រសៀល​ថ្ងៃទី​១៨ ខែសីហា ឆ្នាំ​២០២២​នេះ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បានអនុញ្ញាត​ជូន​លោកជំទាវ Tina Redshaw ឯកអគ្គរាជទូត​ចក្រភព​អង់គ្លេស​ចូលជួប​ជម្រាបលា នាឱកាស​លោកជំទាវ​ត្រូវ​បញ្ចប់​បេសកកម្ម​ការទូត​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​សម្ដេច​ក្រឡាហោម ស ខេង បាន​ថ្លែង​ស្វាគមន៍ និង​អរគុណ​ចំពោះ​ការបំពេញ​បេសកកម្ម​កា​រទូ​តរបស់​លោកជំទាវ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។ សម្ដេច បាន​យក​ឱកាស​នេះ​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា សម្ដែង​នូវ​ការ​អរគុណ និង​កោតសរសើរ​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់លោក​ជំទាវ ក្នុងការ​ពង្រឹង​ទំនាក់ទំនង និង​កិច្ច​សហ​ប្រប​ត្តិ​ការ​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​ចក្រភព​អង់គ្លេស​។​

​សម្ដេច​ក្រឡាហោម បាន​ជម្រាបជូន​លោកជំទាវ​ផងដែរ​ថា​ទោះបីជា​ចក្រភព​អង់គ្លេស បាន​ចាក​ចេញពី​សហភាព​អឺរ៉ុប ក៏ប៉ុន្តែ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​នៅតែ​បន្ត​យ៉ាង​ល្អប្រសើរ​ជាមួយគ្នា ហើយ​សម្ដេច​ក៏​នៅតែ​បន្ត​ខិតខំ​បន្ថែមទៀត​ក្នុង​សមត្ថកិច្ច​ទទួលខុសត្រូវ​របស់​ក្រសួងមហាផ្ទៃ​ដើម្បី​ចូលរួមចំណែក​ធ្វើយ៉ាងណា​ពង្រឹងពង្រីក​ទំនាក់ទំនង​ប្រទេស​ទាំងពីរ ព្រមទាំង​បន្ត​ធ្វើការ​បន្ថែមទៀត​ជាមួយ​ឯកអគ្គរាជទូត​អង់គ្លេស​ថ្មី​ដែល​ត្រូវ​បន្ត​អាណត្តិ​ការទូត​ពី​លោកជំទាវ​។​

​ជាការ​ឆ្លើយតប​លោកជំទាវ Tina Redshaw បាន​គាំទ្រ​ការលើកឡើង​របស់​សម្ដេច​ក្រឡាហោម ចំពោះ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ​។ លោកជំទាវ​ក៏បាន​ជម្រាបជូន​សម្ដេច​ថា​មិន​ត្រឹមតែ​ទំនាក់ទំនង​ជាមួយ​កម្ពុ​ជា និង​ចក្រភព​អង់គ្លេស​នោះទេ ក៏ប៉ុន្តែ​ទំនាក់ទំនង​រវាង​ចក្រភព​អង់គ្លេស និង​សហគមន៍​អាស៊ាន​ក៏ត្រូវ​បាន​ពង្រឹងពង្រីក​ជា​បន្តបន្ទាប់​។ ជាពិសេស​កាលពីពេល​ថ្មីៗ​នេះ​ក្នុងឱកាស​នៃ​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន ចក្រភព​អង់គ្លេស​ក៏បាន​ក្លាយជា​ដៃគូ​សន្ទនា​ថ្មី​មួយទៀត​របស់​អាស៊ាន​។​

​លោកជំទាវ ក៏បាន​យក​ឱកាស​នេះ​ថ្លែងអំណរគុណ​សម្តេច​ក្រឡា​ហោម និង​អង្គភាព​ពាក់ព័ន្ធ​ចំណុះឱ្យ​ក្រសួងមហាផ្ទៃ ដែល​តែង​ផ្ដល់នូវ​កិច្ចសហការ​គាំទ្រ​ដល់​ពលរដ្ឋ​អង់គ្លេស​ដែល​ជួបប្រទះ​ការលំបាក​ផ្សេងៗ​នៅ​កម្ពុជា ជាពិសេស​ពាក់​ពាក់ព័ន្ធ​នឹង​ការងារ​អន្តោប្រវេសន៍ និង​ការជួយ​សម្រួល​ឱ្យ​ផ្នែក​កុងស៊ុល​របស់​ស្ថានទូត​អង់គ្លេស​បាន​ជួប​ប្រាស្រ័យ​ជាមួយ​ជនជាតិ​អង់គ្លេស​ដែល​ជាប់ឃុំ​នៅតាម​បណ្ដា​ពន្ធនាគារ​របស់​កម្ពុជា​។​

​លោកជំទាវ ក៏​យក​ឱកាស​នេះ​ជម្រាបជូន​សម្ដេច​ក្រឡាហោម ផងដែរ​អំពី​វេទិកា​អន្តរ​ភាគី​នានា ក៏ដូចជា​កម្មវិធី​មួយចំនួនទៀត​ដែល​បានផ្តល់​នូវ​ការជួយ​គាំទ្រ​ដល់​ការអភិវឌ្ឍ​លើ​វិស័យ​ធនធានមនុស្ស​របស់​ក​ម្ពុ​ជា ជាពិសេស​ពាក់ព័ន្ធ​ទៅនឹង​ការលើកកម្ពស់​ធនធាន​មនុស្ស​ក្នុង​វិស័យ​នគរបាលជាតិ​ដែល​កម្មវិធី ក៏ដូចជា​វេទិកា​ទាំងនោះ មានការ​គាំទ្រ​ពី​ចក្រភព​អង់គ្លេស​។​

​ជាការ​ឆ្លើយតប​សម្ដេច​ក្រឡាហោម បាន​ថ្លែងអំណរគុណ​លោកជំទាវ​ចំពោះ​ការគាំទ្រ ក៏ដូចជា​កិច្ចសហប្រតិបត្តិការ​នា​នា​លើ​វិស័យ​ពាក់ព័ន្ធ​ជាមួយនឹង​ក្រសួងមហាផ្ទៃ​កម្ពុជា ជាពិសេស​លើ​ការងារ បណ្តុះបណ្តាល​ធនធានមនុស្ស​ក្នុង​កងកម្លាំង​នគរបាលជាតិ​។ សម្ដេច បានចាត់ទុក​ថា​នេះ​ជា​កិច្ចការ​មួយ​ដ៏​មាន​សារៈសំខាន់ ខណៈ​ក្រសួងមហាផ្ទៃ​កំពុងតែ​ខិតខំ​លើកកម្ពស់​គុណភាព និង​ប្រសិទ្ធភាព​នគរបាលជាតិ​ជា​មន្ត្រី​បម្រើសេវា​ថែរក្សា​សន្តិសុខ សណ្ដាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម​។​

​សម្ដេច​ក្រឡាហោម ស ខេង ក៏បាន​មានប្រសាសន៍​ដែរ​ថាស​ម្តេច ពិតជា​គាំទ្រ និង​បន្ត​លើកទឹកចិត្ត​ឲ្យ​មានការ​គាំទ្រ​បន្ថែមទៀត​ពី​ចក្រភព​អង់គ្លេស ជាពិសេស​លើ​ការងារ​ប្រយុទ្ធប្រឆាំង​បទល្មើស​បច្ចេកវិទ្យា ដែល​ក៏​ជា​កិច្ចការ​មាន​សារៈសំខាន់ ខណៈ​ធនធានមនុស្ស​លើ​វិស័យនេះ​របស់​កងកម្លាំង​នគរបាល​កម្ពុជា​នៅមានកម្រិត​នៅឡើយ​។
​សម្ដេច បន្ថែមថា​ការលើកកម្ពស់​គុណភាព​ធនធានមនុស្ស​ក្នុង​វិស័យ​នគរបាលជាតិ ក៏​ជាការ​រួមចំណែក​ដ៏​សំខាន់​មួយ​ក្នុង​ការចូលរួម​ទប់ស្កាត់​បទល្មើស​ឆ្លងដែន​គ្រប់​ប្រភេទ ដែល​កិច្ចការ​នេះ​ក៏​ជា​កិច្ច​ការសំខាន់ និង​មិនអាច​ប្រទេស​ណាមួយ​ធ្វើ​តែម្នាក់ឯង​បាន​នោះទេ គឺ​ពិតជា​ទាមទារ​ឱ្យមាន​នូវ​កិច្ចសហប្រតិបត្តិការ​ជាមួយ​បណ្ដា​ប្រទេស​នានា​នៅក្នុង​តំបន់ និង​សកលលោក​។​

​សម្ដេច​ក្រឡាហោម ក៏បាន​យក​ឱកាស​នេះ អបអរសាទរ​ចក្រភព​អង់គ្លេស​ដែល​បាន​ក្លាយជា​ដៃគូ​សន្ទនា​ថ្មី​មួយទៀត​របស់​អាស៊ាន ជាពិសេស​ក្នុងឱកាស​ដែល​កម្ពុជា​ធ្វើជា​ប្រធាន​ប្ដូរ​វេន​កិច្ចប្រជុំ​អាស៊ាន​ឆ្នាំ​២០២២ ដោយ​សម្ដេច​ចាត់ទុកថា​នឹង​បង្កើត​ឱកាស​កាន់តែ​ច្រើនឡើង​ថែមទៀត​ក្នុងការ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​រ​វាង​អង់គ្លេស និង​ចក្រភព​អង់គ្លេស ៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close