ស្លាប់ និង​របួស​ជាច្រើន ដោយ​ភ្លើង​ឆេះ​ព្រៃ​នៅ​អាល​ហ្សេ​រី​

​មន្ត្រី​អាល​ហ្សេ​រី នៅ​ថ្ងៃទី ១៧​ខែសីហា បាន​ផ្សាយ​ថា ភ្លើង​ឆេះ​ព្រៃ បាន​រាលដាល​ទ្រង់ទ្រាយ​ធំ​នៅក្នុង​ខេត្ត​ចំនួន​១៤​នៅ​ភាគ​ខាងជើង​ប្រទេស​នេះ បណ្តាល​ឲ្យ​មនុស្ស ២៦​នាក់​ស្លាប់ និង​រាប់សិប​នាក់​រងរបួស ។​

​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ អាល​ហ្សេ​រី លោក Kamel Beldjoud បានប្រកាសថា មាន​មនុស្ស​២៦​នាក់​ស្លាប់ ក្នុង​ភ្លើង​ឆេះ​ព្រៃ នៅក្នុង​ខេត្ត​ចំនួន​ពីរ គឺ ខេត្ត Sétif និង El Tarf ភាគ​ឦ​សាន្ត​នៃ​ប្រទេស​នេះ ជាប់​ព្រំដែន​ប្រទេស​ទុយ​ណេ​ស៊ី ។ ក្រៅពី​អ្នកស្លាប់​នៅមាន​មនុស្ស​ជាច្រើន រងរបួស​ដោយ​ការ​រលាកភ្លើង​។​

​កន្លងមក ក្រុម​ពន្លត់​អគ្គិភ័យ បាន​ឲ្យ​ដឹងថា មាន​មនុស្ស ៤​នាក់​ត្រូវ​រលាកភ្លើង និង ៤១​នាក់​ធ​ប់​ដង្ហើម ស្ថិតនៅក្នុង​តំបន់ Souk Ahras ជា​ស្រុក​មួយ​ជាប់​ព្រំដែន​ទុយ​ណេ​ស៊ី​។ ពលរដ្ឋ​នៅក្នុង​ស្រុក​នេះ បានសម្រេច​ចាក​ចេញពីផ្ទះ​សម្បែង​ទៅកាន់​តំបន់​សុវត្ថិភាព​។

តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​តំបន់ បាន​ផ្សាយ​ថា មាន​៣៥០​គ្រួសារ​បាន​ចាក​ចេញពី​ផ្ទុះ​នៅក្នុង​តំបន់ Souk Ahras ទៅកាន់​តំបន់​សុវត្ថិភាព ក្នុងពេលដែល​កម្លាំង​សន្តិសុខ​បានសម្រេច​បិទផ្លូវ​ចេញចូល​ក្នុង​រំ​បន់​នេះ​។​

តាម​ក្រុម​សន្តិសុខ​នៃ​ប្រទេស​អាល​ហ្សេ​រី បាន​ឲ្យ​ដឹងថា មាន​អណ្តាតភ្លើង​ឆាប់ឆេះ​៣៩​កន្លែង ក្នុង​ខេត្ត​ចំនួន​១៤ នៅក្នុង​ប្រទេស​អាល​ហ្សេ​រី​។ នៅក្នុង​ខេត្ត El Tarf មាន​ភ្លើង​ឆេះ​ព្រៃ​ច្រើនជាងគេ​បំផុត ដោយមាន​១៦​កន្លែង ក្នុងនោះ​មាន​ច្រើន​កន្លែង​មិនទាន់​គ្រប់គ្រង​បាន​នៅឡើយ​។ នៅក្នុង​ខេត្ត​នេះ​មាន​ពលរដ្ឋ​ប្រមាណ ៥០​នាក់​ចូលទៅ​កាន់​មន្ទីរពេទ្យ ។​

​គិត​ចាប់​តាំងពីដើម​ខែសីហា​ម​ក​ទល់​ពេលនេះ មាន​អណ្តាតភ្លើង​ឆាប់ឆេះ​ព្រៃឈើ​១០៦​កន្លែង​នៅក្នុង​ប្រទេស​អាល​ហ្សេ​រី បំផ្លាញ​ព្រៃឈើ​ជាង​៨០០​ហិ​ត្តា​និង ១៨០០​ហិ​ត្តា វាលស្មៅ ក្នុងនោះ​មាន​អណ្តាតភ្លើង​ឆាប់ឆេះ​មួយកន្លែង​បង្កឡើង​ដោយ​មនុស្ស​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close