គម្រោង​ថ្មីៗ​ចំនួន​៤​ទៀត បោះទុន ១៧​លាន​ដុល្លារ នឹង​បើក​ដំណើរការ​នៅ​កម្ពុជា​

​ភ្នំពេញ​៖ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានសម្រេច​អនុម័ត​ឲ្យ​គម្រោង​ថ្មីៗ​ចំនួន ៤​បន្ថែមទៀត បើក​ដំណើរការ ក្នុង​ទំហំ​ទឹកប្រាក់​សរុប​ប្រមាណ ១៧​លាន​ដុល្លារ និង​បានផ្តល់​ការងារ​ជាច្រើន​កន្លែង​ផងដែរ​។

​តាម​សំណើសុំ​វិនិយោគ​លើ​គម្រោង​បង្កើត​រោងចក្រ​ផលិត​ស្បែកជើង​របស់​ក្រុមហ៊ុន R.G. FOOTWEAR (CAMBODIA) CO., LTD គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានសម្រេច​ចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី​គម្រោង​វិនិយោគ​ជូន​ដល់​ក្រុមហ៊ុន​ខាងលើ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​អណ្តូង ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្តាល ក្នុង​ទុនវិនិយោគ​ប្រមាណ ៥,៦​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ១.៣២៨​កន្លែង​។​

ដោយឡែក តាម​សំណើសុំ​វិនិយោគ​របស់​ក្រុមហ៊ុន គណៈកម្មាធិការ​តំបន់​សេដ្ឋកិច្ច​ពិសេស​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានសម្រេច​ចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី​គម្រោង​វិនិយោគ ជូន​ដល់​ក្រុមហ៊ុន​ដូចខាងក្រោម​៖

១- “Xing Gang Wood Industry (Cambodia) Co., Ltd.” គម្រោង​បង្កើត​រោងចក្រ​ផលិត​គ្រឿង​សង្ហា​រឹម​បង្គុំ និង​សម្ភារៈ​តុបតែង​លំអ​ធ្វើ​ពី​ឈើ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ខេ​ម​បូ​ឌា​ន ចេ​ជាង ហ្គ័​រ​ជឺ​, ខេត្ត​ព្រះសីហនុ​, ក្នុង​ទុនវិនិយោគ​ចំនួន ៣,៩​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន​ប្រមាណ ២៥០​នាក់​។​

២- “Zhejiang Jeni Furniture Co., Ltd.” គម្រោង​បង្កើត​រោងចក្រ​ផលិត​សា​ឡុង និង​ស្រោម​សា​ឡុង ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ខេ​ម​បូ​ឌា​ន ចេ​ជាង ហ្គ័​រ​ជឺ​, ខេត្ត​ព្រះសីហនុ​,​ក្នុង​ទុនវិនិយោគ​ចំនួន ១​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន​ប្រមាណ ៤០០​នាក់​។​

៣- “FF.LL (Cambodia) Co., Ltd.” គម្រោង​បង្កើត​រោងចក្រ​ផលិត​សម្ភារៈ​វេច​ខ្ចប់​គ្រប់​ប្រភេទ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ក្រុងព្រះសីហនុ​, ខេត្ត​ព្រះសីហនុ​, ក្នុង​ទុនវិនិយោគ​ចំនួន ៦,៥​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន​ប្រមាណ ៨៣០​នាក់​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close