សម្តេចតេជោ​ចារឲ្យ​បណ្តេញ​លោក សាន្ត ប៊ុនធឿន ​ចេញពី​ក្របខណ្ឌកងយោធពល​ខេមរភូមិន្ទ​ជាបន្ទាន់

ក្នុង​ចំណារលើលិខិត​លោក​នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ​២០២២ សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ​កម្ពុជា បានស្នើ​ដល់​សម្តេច ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ ធ្វើ​ការ​បណ្តេញ​លោក សាន្ត ប៊ុនធឿន និង​លោក ហ៊ត ប៉ូ ជាបន្ទាន់​ចេញ​ពី​ក្របខណ្ឌ​កង​យោធពល​ខេមរភូមិន្ទ។

បើយោង​តាម​លិខិត​របស់​លោក​នាយឧត្តម​សេនីយ៍ ហ៊ីង ប៊ុនហៀង មេបញ្ជា​ការ​ នៃបញ្ជាការរដ្ឋានអង្គរក្ស បាន​លើក​ឡើង​ថា លោក សាន្ត ប៊ុនធឿន និង​លោក ហ៊ត ប៉ូ តែងតែ​បង្ក​ហេតុ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់កិត្តិយស​អង្គភាព និង​មាន​ការ​ថ្នាំថ្នាក់ដល់ប្រជាពលរដ្ឋ ដោយ​អង្គភាព​បាន​ហៅ​មក​ធ្វើ​ការ​អប់រំ​ជាច្រើន​លើក​ ច្រើនសារ តែមិន​ព្រម​កែប្រែ។ ដូច្នេះ​ដើម្បី​ជៀសវាង​ការ​លំបាក និង​ធ្វើ​ឲ្យ​ប៉ះពាល់​​ដល់អង្គភាព​ទៅថ្ងៃក្រោយ​បន្ត​ទៀត ទើប​លោក​សុំ​ការ​សម្រេច​ពីសម្តេច​តេជោ ដើម្បី​លុប​ឈ្មោះនាយ​ទាហាន​ទាំងពីរ​ចេញពី​ក្របខណ្ឌ​កង​យោធពល​ខេមរភូមិន្ទ។

ជាមួយ​គ្នានេះ​ដែរ បើ​យោង​តាមទំព័រ facebook របស់សម្តេចតេជោ​នាយករដ្ឋមន្រ្តី​នៅថ្ងៃនេះដែរ ក៏​បាន​បង្ហោះ​នូវ​វីដេអូ​របស់​លោក សាន្ត ប៊ុនធឿន ដែលគេ​ដឹងថា គឺជា​អ្នក​សារ​ព័ត៌មាន​ម្នាក់​ដែរ​នៅ​លើ​បណ្តាញ​សង្គម ក្នុង​ស្ថានភាពស្រវឹង រួចធ្វើ​ការ​ live តាមទំព័រ facebook។ សម្តេចតេជោ​បាន​សរសេរ​ថា «ចរិតពាលរបស់សាន ប៊ុនធឿនប្រាកដជាមិនអាចកែប្រែបានឡើយ។ដើម្បីជួយដល់សាន ប៊ុនធឿននិងប្រពន្ធកូនខ្ញុំ និងភរិយាបានជួយលុយដើម្បីសាន ប៊ុនធឿន ទិញផ្ទះនៅ ថែមទាំងផ្តល់លុយជូន សាន ប៊ុនធឿន៥០០ដុល្លារក្នុងមួយខែតាំង ពីឆ្នាំ២០១៨មក។ ខ្ញុំធ្លាប់បានអប់រំសាន ប៊ុនធឿនកុំឱ្យសុីផឹកជេរបញ្ចោរតែចរិតមនុស្សនេះកែមិនឡើង ឡើយ។ ដើម្បីជៀសវាងនូវការយល់ច្រឡំណាមួយកើតឡើងថ្ងៃនេះខ្ញុំបានបញ្ជាឱ្យមេបញ្ជាការអង្គរក្សស្នើសុំបណ្តេញ សាន ប៊ុនធឿនចេញពីក្របខណ័្ឌកងទ័ព»៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close