៧​ខែ ឆ្នាំ​២០២២ កម្ពុជា​ទទួលបាន​ភ្ញៀវទេសចរ​អន្តរជាតិ​សរុប ៧៤​ម៉ឺន​នាក់ កើនឡើង ៥៦០%

​ភ្នំពេញ​៖ ក្នុង​រយៈពេល​៧​ខែ​ដើម ឆ្នាំ​២០២២​នេះ នៅ​ទូទាំងប្រទេស​កម្ពុជា ទទួលបាន​ទេស​ចរអ​ន្ត​រ​ជាតិ​ជាង ៧៤​ម៉ឺន​នាក់ កើនឡើង ៥៦០%​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​២០២១ ក្នុងដំណាក់កាល​វិបត្តិ​កន្លងទៅ​។ នេះ​បើតាម​ការចេញផ្សាយ​ដោយ​ក្រសួងទេសចរណ៍ នៅ​ចុង​សប្តាហ៍​កន្លងទៅនេះ​។​

​ថ្លែង​ក្នុង​ពិធី​បើក​វគ្គ​បណ្ដុះបណ្ដាល​ដល់​អ្នកជំនាញ​ទេសចរណ៍ នៅ​ខេត្តសៀមរាប រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ឯកឧត្តម​បណ្ឌិត ថោង ខុន បានឱ្យដឹងថា ការបើក​ដំណើរការ​សេដ្ឋកិច្ច សង្គម​ឡើងវិញ បាន​ជំរុញឱ្យមាន​ការកម្សាន្ត​ទេសចរណ៍ នៅតាម​គោលដៅ​ទេសចរណ៍​សំខាន់ៗ ដូចជា​ក្នុង​ខេត្តសៀមរាប រាជធានី​ភ្នំពេញ ក៏ដូចជា​ខេត្ត​ព្រះសីហនុ និង​គោលដៅ​ទេសចរណ៍​មួយចំនួនទៀត មាន​សកម្មភាព​ទេសចរណ៍​ជាច្រើន​ឡើងវិញ​។​

​សម្រាប់​ខេត្តសៀមរាប រយៈពេល​៧​ខែ​ដើមឆ្នាំ​២០២២ មាន​ទេសចរ​ផ្ទៃក្នុង ១,២៤២,៨៥៤​នាក់ កើនឡើង ៨៩០%​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​២០២១ ដែល​ក្នុងនោះ​ទេសចរ​ជាតិ​មាន ១,១៥៩,០០០​នាក់ កើនឡើង​៧៩៩% និង​ទេសចរ​បរទេស​ផ្ទៃក្នុង ៨៣,៨៥៤​នាក់ កើនឡើង​១៣៥២%​។​

​ឯកឧត្តម​បណ្ឌិត ថោង ខុន បាន​បន្តថា ក្នុង​បរិការណ៍​នៃ​ការ​ងើបឡើង​វិញ នៃ​វិស័យ​ទេសចរណ៍​នេះ ក្រសួងទេសចរណ៍​បានគិត​គូរ និង​យកចិត្តទុកដាក់​ខ្ពស់​លើ​ការពង្រឹង​គុណភាព សេវាកម្ម​ប្រកបដោយ​គុណភាព និង​សុវត្ថិភាព​ជូន​ភ្ញៀវទេសចរ​តាម​គន្លង​ថ្មី និង​បន្ត​ជំរុញ​ផ្សព្វផ្សាយ​ទាក់ទាញ​ទេសចរណ៍ ទាំង​ទេសចរណ៍​អន្តរជាតិ និង​ទេសចរណ៍​ក្នុងស្រុក ដែលជា​ទិសដៅ​យុទ្ធសាស្ត្រ​ក្នុងដំណាក់កាល​ទី​២ នៃ​ផែនការ​ស្តារ​និង​អភិវឌ្ឍ​វិស័យ​ទេសចរណ៍ ក្នុង​និង​ក្រោយ​ដំណាក់កាល​កូ​វីដ​-១៩ ឆ្នាំ​២០២០-២០២៥៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close