សូមប្រុងប្រយ័ត្ន! ជាមួយនឹងការប្រើប្រាស់កម្មវិធីគេហទំព័រ ដែលមាននៅក្នុងកម្មវិធី TikTok
(បច្ចេកវិទ្យា)៖ កាលពីពេលថ្មីៗនេះ ក្រុមអ្នកស្រាវជ្រាវ បានរកឃើញថា កម្មវិធីគេហទំព័រដែលមាននៅក្នុងកម្មវិធី TikTok (in-app browser) មានបង្កប់ជាមួយកូដ JavaScript ដែលអាចទាញយកទិន្នន័យដែលអ្នកប្រើប្រាស់បានវាយបញ្ចូលតាមរយៈក្ដារចុច។
អ្នកស្រាវជ្រាវបានចាត់ទុកកូដដែលមាននៅក្នុងកម្មវិធី TikTok គឺវាស្មើនឹងការលួចដំឡើងកម្មវិធី keylogger ទៅក្នុងកម្មវិធីគេហទំព័រមួយចំនួន ដែលជនខិលខូចតែងតែប្រើដើម្បីលួចទាញយកទិន្នន័យរបស់អ្នកប្រើប្រាស់។ ពួកគេក៏បានបញ្ជាក់ដែរថា កូដនេះអាចលួចយកទិន្នន័យសំខាន់ៗមានដូចជា លេខសម្ងាត់ និងលេខប័ណ្ណឥណទានជាដើម។
ដើម្បីជៀសវាងពីការលួចទាញយកទិន្នន័យ អ្នកស្រាវជ្រាវបានណែនាំឱ្យអ្នកប្រើប្រាស់បើកតំណភ្ជាប់ទាំងឡាយណាដែលមាននៅក្នុងកម្មវិធី ជាមួយនឹងកម្មវិធីគេហទំព័ររបស់កុំព្យូទ័រ ឬទូរសព្ទមានដូចជា Safari វិញ ព្រោះសូម្បីតែកម្មវិធីគេហទំព័រដែលមាននៅក្នុងកម្មវិធី Facebook និង Instagram ក៏មានបង្កប់មកជាមួយនូវកូដដែលអាចឱ្យពួកគេតាមដានការប្រើប្រាស់របស់លោកអ្នកបានផងដែរ៕
ប្រភព៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។