ក្រសួងអប់រំ សម្រេចពន្យារពេលដំណើរការឆ្នាំសិក្សា ២០២១-២០២២ នៅតាមគ្រឹះស្ថានសិក្សាចំណេះទូទៅសាធារណៈ និងមត្តេយ្យសិក្សា
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានផ្ញើលិខិតប្រាប់ប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានី-ខេត្ត ពីការសម្រេចពន្យារពេលដំណើរការឆ្នាំសិក្សា ២០២១-២០២២ ដែលគ្រោងនឹងបញ្ចប់នាថ្ងៃទី៣១ ខែតុលា ទៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ វិញ។
យោងតាមលិខិតចុះថ្ងៃទី២២ ខែសីហា បានលើកឡើងថា ដំណើរការរៀន និងបង្រៀន ក្នុងឆមាសទី១ ឆ្នាំសិក្សា២០២១-២០២២ មានដំណើរការមិនសូវរលូន ពោល គឺសិស្សបានរៀនតែពាក់កណ្ដាល ពេលប៉ុណ្ណោះ ចាប់ពីខែកុម្ភៈដល់ដំណាច់ខែមេសា ដោយសារការរីករាលដាលនៃមេរោគកូវីដ-១៩ ប្រភេទអូមីក្រុង។
ដើម្បីធានាឱ្យការសិក្សារបស់សិស្សប្រកបដោយគុណភាពបំពេញបាននូវគម្លាតសមត្ថភាពដែលបានបាត់បង់កន្លងមកដោយសារសាលារៀនផ្អាកដំណើរការ ក្រសួងអប់រំ យុវជន និងកីឡា សម្រេចពន្យារពេលដំណើរការឆ្នាំសិក្សា ២០២១-២០២២ ដែលគ្រោងនឹងបញ្ចប់នាថ្ងៃទី៣១ ខែតុលា ទៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ វិញ។ ចំពោះមហាវិស្សមកាលឆ្នាំសិក្សា២០២១-២០២២ ចាប់ពីថ្ងៃទី០១ ដល់៣១ ខែធ្នូ ឆ្នាំ២០២២។ ដោយឡែក ដំណើរការ គ្រឹះស្ថានសិក្សាឆ្នាំសិក្សា២០២២-២០២៣ ក្រសួង នឹងចេញសេចក្ដីណែនាំថ្មី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។