ក្រុមហ៊ុន Ford នឹងកាត់បន្ថយការងារ ៣ពាន់កន្លែង
ក្រុមហ៊ុនរថយន្តយក្សរបស់សហរដ្ឋអាមេរិក Ford បានបញ្ជាក់ ថា ខ្លួនកំពុងលុបបំបាត់ការងារប្រហែល ៣០០០ ការងារភាគច្រើននៅអាមេរិកខាងជើង និងប្រទេសឥណ្ឌា ខណៈដែលក្រុមហ៊ុនជំរុញឱ្យពន្លឿនការផ្លាស់ប្តូររបស់ខ្លួនទៅកាន់យានយន្តអគ្គិសនី។
ការប្រកួតប្រជែងដោយ Tesla និងការចាប់ផ្តើមអាជីវកម្មផ្សេងទៀត ក្រុមហ៊ុនផលិតរថយន្តមួយនេះបានពន្លឿនការផលិតម៉ូដែលអគ្គិសនីក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ ប្រព័ន្ធផ្សព្វផ្សាយរបស់សហរដ្ឋអាមេរិកបានរាយការណ៍រួចហើយ កាលពីខែកក្កដា ថា ក្រុមហ៊ុន Ford ដែលមានបុគ្គលិកប្រហែល ១៨២០០០ នាក់នៅទូទាំងពិភពលោកកំពុងរៀបចំកាត់បន្ថយការងារជាច្រើនពាន់កន្លែង។
ក្រុមហ៊ុនផលិតរថយន្តនេះធ្លាប់បានអះអាងថា ខ្លួនគ្រោងចំណាយប្រាក់ ៥០ ពាន់លានដុល្លារលើការផលិតរថយន្តអគ្គិសនី នៅឆ្នាំ ២០២៦។ ក្រុមហ៊ុន Ford បានប្រកាស កាលពីខែមីនាថា ខ្លួនមានបំណងកាត់បន្ថយការចំណាយលើយានជំនិះប្រពៃណីរហូតដល់ ៣ពាន់លានដុល្លារ ក្នុងមួយឆ្នាំ។
អ្នកនាំពាក្យក្រុមហ៊ុនបាននិយាយថា ការកាត់បន្ថយការងារដែលបានប្រកាស កាលពីថ្ងៃចន្ទ ដើមសប្តា៍នេះ គឺស្របតាមអ្វីដែលក្រុមហ៊ុនបានព្រៀងទុក អស់មួយរយៈ ហើយមានបំណងធ្វើឱ្យក្រុមហ៊ុន Ford កាន់តែមានប្រសិទ្ធភាព៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។