សម្តេច​តេ​ជោ ហ៊ុន សែន ទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​រដ្ឋមន្ត្រី​ទំនាក់ទំនង​អន្តរជាតិ​នៃ​គណៈកម្មាធិការ​មជ្ឈិមបក្ស​ក​ម្មុយ​នី​ស្ត​ចិន

​នៅ​វិមាន​៧​មករា នា​ព្រឹក​ថ្ងៃទី​២៤ ខែសីហា ឆ្នាំ​២០២២ នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បានទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម លីវ ជាន​ចាវ រដ្ឋមន្ត្រី​ទំនាក់ទំនង​អន្តរជាតិ​នៃ​គណៈកម្មាធិការ​មជ្ឈិមបក្ស​ក​ម្មុយ​នី​ស្ត​ចិន​។

​ក្នុងជំនួប​នេះ ឯកឧត្តម លីវ ជាន​ចាវ បាន​គោរព​នាំ​ការ​ផ្តាំផ្ញើ​សួរសុខទុក្ខ​ពី​ឯកឧត្តម​ប្រធានាធិបតី​ចិន ស៊ី ជីន​ពីង និង​ឯកឧត្តម នាយករដ្ឋមន្ត្រី លី ខឺ​ឈាំ​ង គោរព​ជូន​សម្ដេច​តេ​ជោ និង​នាំសារ​របស់​ឯកឧត្តម​ប្រធានាធិបតី ស៊ី ជីន​ពីង ជូន​ដល់​សម្ដេច​តេ​ជោ​ផងដែរ​។​

​ឯកឧត្តម លីវ ជាន​ចាវ បាន​គោរព​ជម្រាបជូន​សម្ដេច​តេ​ជោ​ថា ឯកឧត្តម​បានមក​កាន់​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​ឆ្នាំ ២០០៤ រយៈពេល ១៨​ឆ្នាំ​កន្លងមកនេះ កម្ពុជា មានការ​ផ្លាស់ប្ដូរ​យ៉ាង​ខ្លាំង ដោយ​ព្រះរាជាណាចក្រ​ទាំងមូល មាន​ភាពស្រស់​បំព្រង សេដ្ឋកិច្ច​មានការ​លូតលាស់ ទីក្រុង​មានការ​អភិវឌ្ឍ ប្រជាជនមាន​ទឹកមុខ​ញញឹម​ប្រិមប្រិយ និង​តួនាទី​របស់​កម្ពុជា នៅលើ​ឆាក​អន្តរជាតិ ត្រូវបាន​ទទួលស្គាល់ និង​គោរព ដែល​ទាំងនេះ បាន​ឆ្លុះបញ្ចាំង​នូវ​ការដឹកនាំ​ដ៏​ត្រឹមត្រូវ​របស់​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី និង​គួរ​ជាទី​គំរូ​សម្រាប់​ប្រទេស​ដែល​កំពុង​អភិវឌ្ឍ​។​

​ឯកឧត្តម លីវ ជាន​ចាវ បាន​គោរព​ជម្រាបជូន​សម្ដេច​តេ​ជោ​បន្ថែមថា ការអភិវឌ្ឍ​សេដ្ឋកិច្ច​ជា​មូលដ្ឋាន បំពេញ​អោយ​សេចក្ដីត្រូវការ​របស់​ប្រជាជន​កម្ពុជា ក្នុងន័យនេះ ភាគី​ចិន នឹង​បន្ត​អនុវត្ត​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​ជាមួយ​កម្ពុជា ឲ្យ​កាន់តែខ្លាំង​ឡើង ជាពិសេស ជំរុញ​ការនាំ​ទំនិញ​កសិផល​កម្ពុជា ទៅកាន់​ទីផ្សារ​ចិន​, ការបង្កើន​ការហោះហើរ​ត្រង់​មកកាន់​កម្ពុជា​, ការលើកទឹកចិត្ត​ឲ្យ​អ្នកវិនិយោគ​ចិន​មកកាន់​កម្ពុជា និង​ជួយ​កម្ពុជា លើ​ការអភិវឌ្ឍ​ថាមពលបៃតង ។​

​ជាការ​ឆ្លើយតប សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងអំណរគុណ​ជូន​ចំពោះ​ឯកឧត្តម លីវ ជាន​ចាវ ដែល​បាន​នាំនូវ​ការ​ផ្តាំផ្ញើ​សួរសុខទុក្ខ​ពី​ឯកឧត្តម​ប្រធានាធិបតី និង​ឯកឧត្តម​នាយករដ្ឋមន្ត្រី​ចិន ជូន​សម្ដេច​តេ​ជោ ហើយ​ក៏បាន​ថ្លែងអំណរគុណ​ផងដែរ ចំពោះ​ការនាំ​សារ​របស់​ឯកឧត្តម​ប្រធានាធិបតី គោរព​ជូន​សម្ដេច​តេ​ជោ​ផងដែរ​។​

​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​ជូន​ចំពោះ​ឯកឧត្តម លីវ ជាន​ចាវ ចំពោះ​ការវាយតម្លៃ​ការអភិវឌ្ឍ​របស់​កម្ពុ​ជា​រយៈពេល ១៨​ឆ្នាំ​កន្លងមកនេះ ។ ជាមួយគ្នា​នោះដែរ សម្ដេច​តេ​ជោ ហ៊ុន សែន បាន​យល់ស្រប​ជាមួយនឹង​ឯកឧត្តម លីវ ជាន​ចាវ ដែលថា ការអភិវឌ្ឍន៍​សេដ្ឋកិច្ច គឺ​បម្រើ​ឲ្យ​សេចក្ដីត្រូវការ​របស់​ប្រជាជន ក្នុងន័យនេះ សម្ដេច​តេ​ជោ បាន​សូម​អរគុណ និង​សូម​ស្វាគមន៍​ចំពោះ​ការពង្រីក​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ ឱ្យ​កាន់តែ​ទូលាយ​ថែមទៀត ជាពិសេស លើ​វិស័យ​ពាណិជ្ជកម្ម​, កសិកម្ម​, វិស័យ​វិនិយោគទុន​, លើ​វិស័យ​ទេសចរណ៍ ក៏ដូចជា​លើ​វិស័យ​ថាមពលបៃតង​ផងដែរ ៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close