សន្តិសុខ​ម្នាក់ បែកគំនិត​លួច​ម៉ូតូ និង​ទូរស័ព្ទដៃ ពី​កន្លែងធ្វើការ ត្រូវ​អាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​បញ្ជូនទៅ​តុលាការ​!

​ភ្នំពេញ​៖ បន្ទាប់ពី​ទទួលបាន​បណ្តឹង​តាមរយៈ​លេខ​ទូរ​សព្ទ​១២៩១ របស់​មណ្ឌល​បញ្ជា​ប្រតិបត្តិការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​រាយការណ៍​ថា មាន​ករណី​បុរស​ជា​សន្តិសុខ​ម្នាក់ បានធ្វើ​សកម្មភាព លួច ម៉ូតូ​០១​គ្រឿង និង​លួច​ទូរស័ព្ទដៃ​ចំនួន​០៣​គ្រឿង ដែល​ប្រព្រឹត្តទៅ​កាលពី​វេលា​ម៉ោង​២២​និង​៣០ ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០២២ នៅ​ចំណុច អគារ​ខុន​ដូរ​លេខ​៣៥ ផ្លូវ​៤៥៦​កែង​១២៣ សង្កាត់​ទួល​ទំពូង​១ ខណ្ឌចំការមន នោះ​រួចមក​។

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បានដាក់​បញ្ជា​ដោយផ្ទាល់ ដល់​ក្រុមការងារ ដែលមាន កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌទួលគោក បានធ្វើការ​ស្រាវជ្រាវរ​ហូត​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ឈ្មោះ រស់ ផល្លី​ដាលីន ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​ជា​សន្តិសុខ ធ្វើការ និង​ស្នាក់នៅ​ទីតាំង​កើតហេតុ​ខាងលើ កាលពី​វេលា​ម៉ោង​០៧​និង​២០​នាទី ថ្ងៃទី​២២ ខែសីហា ឆ្នាំ​២០២២ នៅ​ចំណុច​ផ្លូវ​៥២៨ កែង​២៨៣ សង្កាត់​បឹងកក់​១ ខណ្ឌទួលគោក​។

​ដោយ​ចាប់យក​វត្ថុតាង ម៉ូតូ​០១​គ្រឿង​ម៉ាក Honda Today ពណ៌​ផ្កាឈូក ស្លាក​លេខ​កំពង់ធំ 1M-0014 និង​ទូរស័ព្ទដៃ​ចំនួន​០៣​គ្រឿង ដោយ​ក្នុងនោះ​មាន ទូរស័ព្ទ​ម៉ាក Realme ពណ៌​ខៀវ​ចំនួន​០២​គ្រឿង និង ម៉ាក iPhone 11pro ពណ៌​ស្លែ ០១​គ្រឿង ប្រគល់ជូន​ជនរងគ្រោះ​វិញ​ផងដែរ​។​

​ក្រោម​វិធាន​ការជំនាញ​ជនសង្ស័យ​ខាងលើ​បាន​សារភាព​ឲ្យ​ដឹងថា ខ្លួន​ពិតជា​បានធ្វើ សកម្មភាព​លួច​ម៉ូតូ​០១​គ្រឿង និង​ទូរស័ព្ទដៃ​ចំនួន​០៣​គ្រឿង ពី​កន្លែង​ខ្លួន​ធ្វើការ ពិតប្រាកដ​មែន​។​

​ជនសង្ស័យ ត្រូវបាន​កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​ព្រហ្មទណ្ឌ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ កសាង​សុំ​ណុំ​រឿង​បញ្ជូនទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close