ស្ថានទូតអាមេរិកនៅអ៊ុយក្រែន ស្នើពលរដ្ឋចាកចេញពីទីក្រុងគៀវជាបន្ទាន់
នៅថ្ងៃទី ២៣ខែសីហា អគ្គរដ្ឋទូតអាមេរិកនៅក្នុងទីក្រុងគៀវ ជាថ្មីម្តងទៀតបានអំពាវនាវ ដល់ពលរដ្ឋអាមេរិក ចាកចេញពីប្រទេសអ៊ុយក្រែន ឲ្យបានលឿនបំផុតដែលអាចធ្វើទៅបាន។ សកម្មភាពខាងលើកើតឡើងក្រោយមានក្តីបាមរម្ភស្តីពីសង្គ្រាមទ្រង់ទ្រាយធំកើតឡើង ក្នុងទិវាឯករាជ្យរបស់ប្រទេសអ៊ុយក្រែន នៅថ្ងៃទី២៤ខែសីហា ។
តាមការប្រកាសរបស់អគ្គរដ្ឋទុតអាមេរិកបញ្ជាក់ថា « ក្រសួងការបរទេសទទួលបានព័ត៌មានថា រុស្ស៊ីនឹងបង្កើនការវាយប្រហារទៅលើទីតាំងសំខាន់ៗរបស់អ៊ុយក្រេន ក្នុងពេលដ៏ខ្លីខាងមុខ»។ ក្រសួង ការបរទេសអាមេរិកបានបញ្ជាក ពលរដ្ឋអាមេរិកចាកចេញពីអ៊ុយក្រែននៅពេលនេះ នៅមានមធ្យោបាយធ្វើដំណើរ ចេញពីអ៊ុយក្រែនដោយសុវត្ថិភាព។
ប្រជាជនអ៊ុយក្រែន នៅថ្ងៃ២៤ខែសីហានឹងប្រារព្ធពិធីបុណ្យឯករាជ្យជាតិលើកទី៣១ ចំពោះមុខការព្រមានពីការបង្កើនការវាយប្រហារដោយមីស៊ីលពីសំណាក់ កងទ័ពរុស្ស៉ី។
ពិធីបុណ្យឯករាជ្យជាតិរបស់អ៊ុយក្រែននៅថ្ងៃពុធ ទី២៤ ខែសីហានេះ គឺធ្វើឡើងចំពេលដែលការឈ្លានពានរបស់រុស្ស៉ីក៏បានឈានចូលដល់ខែទី៦ដែរ បន្ទាប់ពីលោក ពូទីន បញ្ជាឱ្យកងទ័ពរបស់លោកវាយសម្រុកចូលអ៊ុយក្រែនកាលពីថ្ងៃទី២៤ ខែកម្ភៈកន្លងទៅនេះ។ ប៉ុន្តែ ដោយសារតែការបារម្ភថារុស្ស៉ីអាចនឹងបង្កើនបាញ់ផ្លោង មីស៊ីល នៅថ្ងៃបុណ្យជាតិដ៏សំខាន់នេះ រដ្ឋាភិបាលលោកប្រធានាធិបតីហ្សេលេនស្គី បានហាមឃាត់ការជួបជុំ ឬការប្រមូលផ្ដុំគ្នានៅតាមទីសាធារណៈក្នុងរដ្ឋធានីកៀវ និងបានដាក់បម្រាមគោចរក្នុងតំបន់មួយចំនួន នៃទីក្រុងខាកៀវ ខណៈមន្ត្រីរដ្ឋាភិបាលជាច្រើនត្រូវបានបង្គាប់ឱ្យធ្វើការពីផ្ទះ។
លោក ហ្សេលេនស្គី មិនបានបញ្ជាក់លម្អិតថាតើរដ្ឋាភិបាលរបស់លោកនឹងប្រារព្ធពិធីបុណ្យឯករាជ្យជាតិដោយរបៀបណានោះទេ ដោយសារតែហេតុផលសន្តិសុខ ប៉ុន្តែលោកផ្ទាល់ក៏បានព្រមានដែរថានឹងធ្វើការសងសឹកយ៉ាងចាស់ដៃ បើរុស្ស៉ីបង្កើនការវាយប្រហារលើអ៊ុយក្រែន។ អ៊ុយក្រែន បានទទួលឯករាជ្យពីអតីតសហភាពសូវៀត នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ១៩៩១ ហើយបច្ចុប្បន្នទាហានអ៊ុយក្រែនក៏កំពុងប្រយុទ្ធតស៊ូដើម្បី ឯករាជ្យដូចគ្នាដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។