ចេញពីផឹកស៊ីក្នុងខារ៉ាអូខេបើករថយន្ដឆ្លងកាត់ទឹកកំពុងហូរធ្លាក់លិចព្រឹកឡើងទើបរកឃើញសព ខណៈ៣នាក់កំពុងសង្គ្រោះ
បុរសម្នាក់ក្នុងចំណោមមនុស្ស៤នាក់ ត្រូវបានលិចបាត់ទៅជាមួយរថយន្ដ ចំណែក៣នាក់ទៀតបានរំដោះខ្លួនចេញរួច និងត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ បន្ទាប់ពីពួកគេចេញពីផឹកក្នុងហាងខារ៉ាអូចខេ ហើយបើករថយន្ដឆ្លងកាត់ទឹកកំពុងហូរខ្លាំង។ ករណីនេះបានកើតឡើងកាលពីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ នៅចំណុចទំនប់បង្ហៀរ «ថ្ពង» ស្ថិតនៅភូមិថ្ពង ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ។
ជនរងគ្រោះមានគ្នា៤នាក់ ទី១/.ឈ្មោះ ឈួន រតនៈ ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិក្បាលស្នួល ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ (ជាអ្នកបើកបរ) រងរបួសស្រាល។ ២/.ឈ្មោះ ខឹម វីណា ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ (ជាអ្នករួមដំណើរ) រងរបួសស្រាល ។ ៣/.ឈ្មោះ អ៊ុច សុភា ភេទប្រុស អាយុ៣១ឆ្នាំ ជាអ្នករួមដំណើរ រងរបួសស្រាល។ ទាំង៣នាក់បានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកស្នួល។ ចំណែកទី៤/.ឈ្មោះ ទិត្យ មេសា ភេទប្រុស អាយុ៣១ឆ្នាំ បានបាត់ខ្លួនទៅជាមួយរថយន្ដ និងទើបរកឃើញសពនៅព្រឹកមិញនេះ។
ប្រភព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះទាំង៤នាក់បានផឹកស៊ីនៅផ្ទះ លុះយប់បន្តិច ក៏បែកគំនិតនាំគ្នាទៅច្រៀងខារ៉ាអូខេ (KTV) ដោយបើករថយន្តឆ្លងកាត់ទំនប់បង្ហៀរ ”ថ្ពង ” ប៉ុន្តែទឹកមិនទាន់ហូរខ្លាំងទេ។ លុះដល់យប់ភ្លៀងបានបន្តធ្លាក់ឥតឈប់ បណ្ដាលឱ្យទឹកទំនប់បង្ហៀរ ”ថ្ពង” ចាល់ឡើងនិងហូរខ្លាំង។ រហូតដល់ម៉ោងកើតហេតុជនរងគ្រោះបានបើករថយន្តចេញពីហាងKTV ក្នុងបំណងមកផ្ទះរបស់ខ្លួន។ ពេលដល់ចំណុចកើតហេតុ ស្រាប់តែទឹកហូរប៉ើងរថយន្តធ្លាក់ពីលើទំនប់លិចបាត់តែម្ដង។
ក្នុងពេលនោះជនរងគ្រោះ៣នាក់ បានរំដោះខ្លួនចេញរួច ខណៈម្នាក់ទៀតឈ្មោះ ទិត្យ មេសា លិចទៅជាមួយរថយន្ត។ លុះដល់ព្រឹកឡើងទើបសមត្ថកិច្ច និងក្រុមគ្រួសាររកឃើញរថយន្ត និងសពជនរងគ្រោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។