អាជ្ញាធរមីន និងសភាពាណិជ្ជកម្មសហគមន៍អ៊ឺរ៉ុប ចុះអនុស្សរណៈលើភាពជាដៃគូវិស័យសកម្មភាពមីន និងការអភិវឌ្ឍសហគមន៍នៅកម្ពុជា
នាថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ ឯកឧត្ដម ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានអញ្ជើញជាអធិបតីក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាងអាជ្ញាធរមីន និងសភាពាណិជ្ជកម្មសហគមន៍អ៊ឺរ៉ុបប្រចាំនៅកម្ពុជា ស្តីពីភាពជាដៃគូវិស័យសកម្មភាពមីន និងការអភិវឌ្ឍសហគមន៍នៅកម្ពុជា។
ឯកឧត្ដមទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នានាថ្ងៃនេះ បានធ្វើឡើងគឺដើម្បីឆ្លើយតបនឹងការអំពាវនាវរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ឲ្យមានការចូលរួមពីគ្រប់ភាគី ក្នុងដោះស្រាយបញ្ហាគ្រាប់មីននៅកម្ពុជា និងបញ្ចប់ការលំបាក និងការភ័យខ្លាចរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។
ក្នុងនាម សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាជ្ញាធរមីន ឯកឧត្ដមទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រ និងការយកចិត្តទុកដាក់របស់សភាពាណិជ្ជកម្មសហគមន៍អ៊ឺរ៉ុបប្រចាំនៅកម្ពុជា ដឹកនាំដោយលោក Tassilo Brinzer ជាប្រធាន និងសមាជិកក្រុមប្រឹក្សាភិបាល ក្នុងការចូលរួមប្រកបដោយទឹកចិត្តសប្បុរសដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដោះស្រាយបញ្ហាគ្រាប់មីននៅកម្ពុជា ដើម្បីផ្តល់ដីសុវត្ថិភាព និងបង្កើតស្នាមញញឹម។
ឯកឧត្ដមទេសរដ្ឋមន្ត្រី ជឿជាក់ថា កិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ នឹងផ្តល់នូវភាពជោគជ័យ និងបង្កើតនូវមូលដ្ឋានគ្រឹះដ៏រឹងមាំ ដែលនាំទៅរកភាពជាដៃគូកាន់តែធំ ទូលំទូលាយ និងស៊ីជម្រៅ ក៏ដូចជានាំឲ្យកម្ពុជា និងអឺរ៉ុបកាន់តែជិតស្និទ្ធជាមួយគ្នា និងជំរុញទំនាក់ទំនងទ្វេភាគី ហើយសភាពាណិជ្ជកម្មអឺរ៉ុប នឹងជាចំណែកមួយក្នុងការបង្កើតបរិយាកាសចាំបាច់សម្រាប់វិស័យឯកជន ក្នុងការចូលរួមយ៉ាងពេញលេញ និងជោគជ័យសម្រាប់សកម្មភាពមីនកម្ពុជា។
លោក Tassilo Brinzer បានវាយតម្លៃខ្ពស់ចំពោះភាពជោគជ័យរបស់វិស័យមីននៅកម្ពុជា ក្រោមការសម្របសម្រួល និងដឹកនាំរបស់អាជ្ញាធរមីន រយៈពេល ៣០ឆ្នាំកន្លងមកនេះ។ EuroCham នឹងធ្វើការផ្សព្វផ្សាយឲ្យបានទូលំទូលាយ និងជម្រុញឲ្យមានការចូលរួមដល់ការងារបោសសម្អាតមីននៅកម្ពុជា ពីបណ្ដាសមាជិក និងក្រុមហ៊ុនទាំងអស់ក្រោមការសម្របសម្រួលរបស់ EuroCham តាមរយៈការរៀបចំរាត្រីសមោសរ និងកម្មវិធីផ្សេងៗ ជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។