បង្ក្រាបគ្រឿងញៀនជាង ៧គីឡូក្រាម និងសារធាតុគីមីជាង ១០គីឡូក្រាម ឃាត់ជនជាតិចិនម្នាក់ នៅរាជធានីភ្នំពេញ
ភ្នំពេញ៖ កម្លាំងជំនាញ ក១០ នៃមន្ទីរប្រឆាំងគ្រឿងញៀន និងមានការដឹកនាំសម្របសម្រួលពី លោក អ៊ុ សុភ័ក្រ ព្រះរាជអជ្ញារង នៃអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ បានស៊ើបអង្កេត ស្រាវជ្រាវ បង្ក្រាប នៅ២គោលដៅផ្សេងគ្នាជាបន្តបន្ទាប់ នៅចំណុចមុខខុនដូរអិល ផ្លូវបេតុង ស្ថិតក្នុងសង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ រួចបន្តទៅឆែកឆេរខុនដូរប៉ាវលី បន្ទប់លេខ១៦១៨ ជាន់ទី១៦ ផ្លូវ១៣៩ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជាធានីភ្នំពេញ។
យោងតាមរបាយការណ៍របស់មន្ទីរប្រឆាំងគ្រឿងញ ដែលទទួលបាននៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា ក្នុងប្រតិបត្តិការបង្ក្រាបនោះ បានធ្វើឡើងកាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ ដោយសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ ១នាក់ ឈ្មោះ ចាង ហ្វុង ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិចិន និងបានដកហូតវត្ថុតាងសារធាតុអ៊ិចស្តាស៊ី(MDMA) ទម្ងន់សុទ្ធ ៧គីឡូក្រាម និង៥៣.៦ក្រាម, សារធាតុគីមី ១០គីឡូក្រាម និង៧៦០ក្រាម។
ក្រោយការបង្ក្រាប ជនសង្ស័យ និងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ អនុវត្តតាមនីតិវិធី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។