វ៉ាក់សាំង Pfizer សម្រាប់​ចាក់​ជូន​កុមារ​ជាតិ ៣០​ម៉ឺន​ដូ​ស របស់​រដ្ឋាភិបាល​អូស្ត្រាលី ដឹក​មកដល់​កម្ពុជា​ហើយ​

​ភ្នំពេញ​៖ វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ប្រភេទ Pfizer សម្រាប់​ចាក់​ជូន​កុមារ ចំនួន ២៨៣,០០០​ដូ​ស របស់​រដ្ឋាភិបាល​អូស្ត្រាលី ផ្តល់ជូន​រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា ដឹក​មកដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី​២៦ ខែសីហា ឆ្នាំ​២០២២​។​

​បើតាម​លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការ​ក្រសួង​សុខា​បាល តំណាង​លោក​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង ក្នុងឱកាស​ទៅ​ទទួល​វ៉ាក់សាំង​កូ​វីដ​-១៩ នៅ​ព្រលាន​យន្ត​អន្តរជាតិ​ភ្នំពេញ បាន​មានប្រសាសន៍ថា ប្រជាពលរដ្ឋ​មួយចំនួន​បានទទួល​ការចាក់​វ៉ាក់សាំង​ដូ​ស​ជំរុញ ទី​៤​និង​ទី​៥ និង​មាន​ភាពស៊ាំ​ខ្ពស់ ហើយក៏​មិនសូវ​ឈឺ​ដែរ និង​អ្នកខ្លះ​ឆ្លង​ក៏ពិតមែន តែ​មិនមាន​រោគសញ្ញា​ណា​ធ្ងន់ធ្ងរ​នោះទេ ដែល​នាំ​ឲ្យ​អត្រា​សម្រាក​ពេទ្យ​មានការ​ថមថយ​ចុះ ដែល​កន្លងមក គឺ​សឹងតែ​មិនមាន​កូ​វីដ​-១៩ វិជ្ជមាន​នោះទេ ដែល​មកដល់​សព្វថ្ងៃនេះ មាន​ចំនួន​តែ​ជាង ៤០​នាក់ នៅក្នុង​មន្ទីរពេទ្យ ហើយ​នៅ​អាយ​ស៊ី​យូ​(ICU) មានតែ​ពីរ​នាក់​ប៉ុណ្ណោះ ហើយក៏​មិនសូវ​ធ្ងន់ធ្ងរ​ដែរ ពេលណា​ដែលមាន​ការពិបាក​ពេទ្យ​គ្រាន់តែ​ដាក់ អុក​ហ្ស៊ី​សែន​ជូន​គាត់​។​

​លោកជំទាវ ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ សូម​អញ្ជើញ​ទៅ​ចាក់​វ៉ាក់សាំង​ដូ​ស​ជម្រុញ និង​អនុវត្ត​វិធានការ​សុខាភិបាល​ឲ្យ​បាន​ខ្ជាប់ខ្ជួន ដែលជា​ការចូលរួម​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ។ វ៉ាក់សាំង ជា​ជំនួយ​របស់​អូស្ត្រាលី ជូន​ដល់​កម្ពុជា​ទាំង​៤​លើក សម្រាប់​ចាក់​ជូន​មនុស្សពេញវ័យ និង​កុមារ សរុប​ចំនួន ២​លាន​៣​សែន ៤៨​ម៉ឺន​ដូ​ស ។​

​លោក​ភារៈធារី​ស្ថានទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជា បាន​ថ្លែងថា ការផ្តល់​វ៉ាក់សាំង​កូ​វីដ​-១៩ នាពេលនេះ ស្រប​ពេលដែល​ឆ្នាំនេះ ជា​ខួប​នៃ​ទំនាក់ទំនង​ការទូត​រវាង​កម្ពុជា និង​អូស្ត្រាលី​គម្រប់​២០​ឆ្នាំ ហើយ​ការដែល​ចូលរួម​ជួយ​ដល់​កម្ពុជា ឃើញថា បានទទួល​ផ្កែ​ផ្កា​ទប់ស្កាត់​កូ​វីដ​-១៩ បាន​ជោគជ័យ ហើយ​នេះ​ជា​លើក​ទី​៤ ដែល​រដ្ឋាភិបាល​អូស្ត្រាលី​ជូន​ដល់​រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា​៕


កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close