រដ្ឋាភិបាល​អ៊ីស្រាអែល ឯកភាព​តាម​សំណើ​របស់​ក្រសួងកសិកម្ម បង្កើន​កូតា​និស្សិត​ថែម​ក្នុង​១​ឆ្នាំ ៥០​នាក់​បន្ថែមទៀត

​ភ្នំពេញ​៖ នា​ថ្ងៃទី​២៨ ខែសីហា ឆ្នាំ​២០២២ នៅ​ទីស្តីការ​ក្រសួងកសិកម្ម និង​អភិវឌ្ឍន៍ជនបទ​នៃ​រដ្ឋ​អ៊ី​ស្រា អែល ឯកឧត្តម វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សហការី​បាន​ជួបពិភាក្សា​ជាមួយ​ឯកឧត្តម Oded Forer រដ្ឋមន្ត្រី​ក្រសួងកសិកម្ម និង​អភិវឌ្ឍ​ជនបទ​នៃ​រដ្ឋ​អ៊ីស្រាអែល​។

​ជាបឋម តាមរយៈ​ឯកឧត្តម Oded Forere និង​លោក Janathan Tzedakah តំណាង​ឲ្យ​ក្រសួងការបរទេស​នៃ​រដ្ឋ​អ៊ីស្រាអែល ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា និង​ខ្លួន​លោក​ផ្ទាល់​ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ​រដ្ឋាភិបាល​អ៊ីស្រាអែល តាមរយ​:​ក្រសួងការបរទេស និង​ក្រសួងកសិកម្ម និង​អភិវឌ្ឍ​ជនបទ​នៃ​រដ្ឋ​អ៊ីស្រាអែល ដែល​បានផ្តល់​កិច្ច​សហ ប្រតិបត្តិការ​ជាមួយ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​កម្ពុជា​លើ​ការអភិវឌ្ឍ​វិស័យ​កសិកម្ម​យ៉ាង​ល្អប្រសើរ​ជារួម និង​ដោយឡែក​ការអភិវឌ្ឍ​ធនធានមនុស្ស​តាមរយ​:​ការផ្តល់​ឱកាស​ឲ្យ​និស្សិត​កម្ពុជា​ឆ្នាំ​ទី​៣ បានមក​ធ្វើ​កម្មសិក្សា​នៅតាម​បណ្តា​ក្រុមហ៊ុន និង​កសិដ្ឋាន​ក្នុងប្រទេស​អ៊ីស្រាអែល​តាំងពី​ឆ្នាំ​២០០៨ រហូតមក​ទប់​បច្ចុប្បន្ន​មាន​រយៈពេល ១៤​ឆ្នាំ​ហើយ សរុប​មាន​និស្សិត​ចំនួន ១ ៤៦៩​នាក់​។

​ឯកឧត្តម​បន្ថែមថា កិច្ចសហប្រតិបត្តិការ​រវាង​ភាគី​ទាំងពីរ ពិតជា​បាន​រឹត​ថែម​មួ​យក​ម្រឹត​ទៀត​ដោយ​ថ្មីៗ​នេះ រដ្ឋាភិបាល​អ៊ីស្រាអែល​បាន​ឯកភាព​តាម​សំណើ​របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បង្កើន​កូតា​និស្សិត​ថែម​ក្នុង​១​ឆ្នាំ ៥០​នាក់​បន្ថែមទៀត​សរុប ២៥០​នាក់​/​ឆ្នាំ​។ បច្ចុប្បន្ន​ពួកគេ​បាននិងកំពុង​ចូលរួមចំណែក​យ៉ាងសកម្ម​ក្នុងការ​រួមចំណែក និង​ចែករំលែក​បទពិសោធន៍​ល្អៗ​ទាក់ទង​បច្ចេកវិទ្យា​កសិកម្ម​ទំនើបៗ ដែល​ទទួលបាន​ពី​ប្រទេស​អ៊ីស្រាអែល​ដើម្បី​អភិវឌ្ឍន៍​វិស័យនេះ​ឲ្យ​កាន់តែ​រីកចម្រើន​ស្របតាម​បរិបទ​នៃ​កំណើន​សេដ្ឋកិច្ចកម្ពុជា​។ តាមរយ​:​កិច្ចសហប្រតិបត្តិការ​រវាង​ប្រទេស​ទាំងពីរ អនុវិស័យ​សាកវប្បកម្ម​កម្ពុជា​បាននិងកំពុង​អភិវឌ្ឍ​គួរ​ឲ្យ​កត់សម្គាល់ ឧទាហរណ៍​ផ្ទះ​សំណាញ់​បាននិងកំពុង​រីកដុះដាល​នៅ​ទូទាំងប្រទេស ប្រព័ន្ធ​ដំណក់ទឹក​សម្រាប់​ដំណាំ និង​បន្លែ​បាននិងកំពុង​អនុវត្ត​យ៉ាង​ទូលំទូលាយ​។

​ជាងនេះទៅទៀត មាន​និស្សិត​មួយចំនួន​បាននិងកំពុង​ដំណើការ​អាជិ​វ​កម្ម​កសិកម្ម​ដោយ​ខ្លួនគេ​ផ្ទាល់ នេះ​សរ​បញ្ជាក់​ឲ្យ​ឃើញថា​និស្សិត​បាន​បោះជំហាន​ពី​កសិករ​ទៅជា​ក​សិ​-​ធុរកិច្ច​ជា​បន្តបន្ទាប់​សម្រាប់​ពេលអនាគត​។ សម្រាប់​ជំហាន​បន្ទាប់​នៃ​កិច្ចសហប្រតិបត្តិការ ឯកឧត្ដម​រដ្ឋមន្ត្រី​បាន​លើកសំណើ​ជូន​ឯកឧត្តម​រដ្ឋមន្ត្រី Oded Forer និង​ក្រសួងការបរទេស​ឲ្យ​ពិចារណា និង​ពិនិត្យ​លទ្ធភាព​ជួយឧបត្ថម្ភ​មជ្ឈមណ្ឌល​បណ្តុះបណ្តាល និង​បង្ហាញ​បច្ចេកវិទ្យា​កសិកម្ម​ដែល​រដ្ឋ​អ៊ីស្រាអែល​ឈានមុខ​មានដូចជា​ប្រព័ន្ធ​ស្រោចស្រព ប្រព័ន្ធ​ដំណក់ទឹក ផ្ទះ​សំណាញ់ និង​ក​សិ​-​ធុរកិច្ច​។

​ឯកឧត្តម​រដ្ឋមន្ត្រី Oded Forer បាន​សម្តែង​នូវ​សេចក្តី​រីករាយ​ចំពោះ​វឌ្ឍនភាព​ន៍​នៃ​ការអភិវឌ្ឍ​វិស័យ​កសិកម្ម​នៅ​កម្ពុជា ជាពិសេស​ដំណឹង​ដែល​និស្សិត​កម្ពុជា​ទទួលបាន​ជោគជ័យ​នាពេល​ពួកគាត់​បញ្ចប់​កម្មសិក្សា​នៅ​ប្រទេស​អ៊ីស្រាអែល ហើយ​បាន​យកចំណេះ​ដឹង និង​បទពិសោធន៍​ល្អៗ​ទាំងនោះ​ដើម្បី​ចូលរួម​ដល់​ការអភិវឌ្ឍ​វិស័យនេះ​។

​ឯកឧត្តម​រដ្ឋមន្ត្រី Oded Forer បន្ថែមថា ការផ្តល់​កម្មសិក្សា​ជូន​និស្សិត​កម្ពុជា​នេះ គឺ​គ្រាន់តែ​ជំហាន​ដំបូង និង​ជា​ឆ្អឹងខ្នង​នៃ​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ ជំហាន​បន្ទាប់​គឺ​ត្រូវ​ផ្សាភ្ជាប់​វិស័យ​ឯកជន​របស់​ប្រទេស​ទាំងពីរ ជាក់ស្តែង​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​ឯកឧត្តម​រដ្ឋមន្ត្រី​នេះ​តែម្តង​។ ចំពោះ​ករណី​ស្នើសុំ​បង្កើត​មជ្ឈមណ្ឌល​បណ្តុះបណ្តាល និង​បង្ហាញ​បច្ចេកវិទ្យា​កសិកម្ម ភាគី​អ៊ីស្រាអែល​ថា​នឹង​យកទៅ​ពិនិត្យ ពិចារណា និង​ពិភាក្សាគ្នា​ជាមួយ​ភាគី​ពាក់ព័ន្ធ​មួយ​ជំហាន​សិន​។ បច្ចុប្បន្ន វិស័យ​កសិកម្ម​នៅ​រដ្ឋ​អ៊ីស្រាអែល​បាន និង​កំពុងមាន​ការផ្លាស់ប្តូរ ពី​ការផ្តោត​សំខាន់​លើ​ការងារ​បង្កើន​ទិន្នផល មកជា​ការងារ​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​ម្ហូបអាហារ​ដែល​ផលិត​នៅ​តំបន់​វាល​ខ្សាច់ និង​សមុទ្រ ដើម្បី​ឆ្លើយតប​តាម​ការ​បម្រែបម្រួល​អាកាសធាតុ​។ ហេតុនេះ ឯកឧត្តម​រដ្ឋមន្ត្រី Oded Forer អញ្ជើញ និង​សង្ឃឹមថា ឯកឧត្តម​រដ្ឋមន្ត្រី​នឹងចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​អន្តរជាតិ​ដែល​នឹង​រៀបចំ​នៅ​រដ្ឋ​អ៊ីស្រាអែល​នា​ខែតុលា​ខាងមុខនេះ​។

​សូម​ជម្រាបជូន​ថា ក្នុង​កិច្ចប្រជុំ​នេះ ឯកឧត្តម​រដ្ឋមន្ត្រី​នៃ​ក្រសួង​ទាំង​ពីរបាន​ឯកភាព​បង្កើត​ក្រុមការងារ​ជំនាញ ដើម្បី​រៀបចំ​អនុស្សារណៈ​នៃ​ការយោគយល់​គ្នា​ក្នុង​ស្មារតី​រួមគ្នា​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​ប្រកបដោយ​ចីរភាព បរិ​យា​ប័ន្ន និង​និរន្តរភាព​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close