កិច្ចប្រជុំG-20 លើកនេះ ការចុះសម្រុងតិច ជម្លោះនឹងខ្វែងកំនិត្យគ្នាច្រើន
ក្រុមមេដឹកនាំពិភពលោក បានបើកអង្គប្រជុំនៃកិច្ចប្រជុំកំពូលប្រចាំឆ្នាំ G20របស់ពួកគេ ជាមួយនឹងជម្លោះ និងការមិនឯកភាពគ្នាជាច្រើននៅលើតុ។
ប្រធានាធិបតីម្ចាស់ផ្ទះអាហ្សង់ទីន លោកម៉ូរីស៊ីយ៉ូ ម៉ាគ្រី បាននិយាយថា ដំណោះស្រាយគឺជា “ការជជែកដេញដោល ការជជែកដេញដោល ហើយនិងការជជែកដេញដោលទៀត” ហើយលោកបានអំពាវនាវឲ្យមានសារយ៉ាងច្បាស់មួយនៃទំនួលខុសត្រូវចែករំលែក។
ប៉ុន្តែប្រធានាធិបតីសហរដ្ឋអាមេរិក លោកដូណាល់ ត្រាំ បានលប់ចោលរួចទៅហើយនូវជំនួបកំពូលជាមួយប្រធានាធិបតីរុស្ស៊ី លោកវ្ល៉ាឌីមៀ ពូទីន ដោយសារបញ្ហានៅអ៊ុយក្រែន ហើយការខ្វែងគំនិតគ្នាដ៏ច្រើនក៏កើតមានផងដែរ លើបញ្ហាបម្រែបម្រួលអាកាសធាតុ បញ្ហាពាណិជ្ជកម្ម និងរឿងក្តីក្តាំងរបស់អ្នកកាសែតចាម៉ាល់ ខាហ្សកជី។
ក្រុម G20ដែលបង្កើតឡើងដោយប្រទេសឧស្សាហកម្មខ្លាំងបំផុតរបស់ពិភពលោកទាំង១៩ប្រទេស បូកនឹងសហភាពអឺរ៉ុបនោះ គឺស្មើនឹង៨៥ភាគរយនៃទិន្នផលសេដ្ឋកិច្ចពិភពលោក ហើយស្មើនឹង២ភាគ៣នៃចំនួនប្រជាពលរដ្ឋសរុបនៅលើពិភពលោក។
កិច្ចប្រជុំកំពូលមួយនេះដែរ ដែលបានចាប់ផ្តើមកាលពីឆ្នាំ២០០៨ នឹងក្លាយជាឱកាសមួយសម្រាប់ប្រទេសសមាជិក ដើម្បីអភិវឌ្ឍន៍គោលនយោបាយសកលដោះស្រាយបញ្ហាធំៗ ប៉ុន្តែភាគច្រើននៃការសម្រេចចិត្តសំខាន់ៗនឹងត្រូវធ្វើឡើងអំឡុងជំនួប១ទល់នឹង១។
មាននូវការរឹតបន្តឹងផ្នែកសន្តិសុខទ្រង់ទ្រាយធំផងដែរសម្រាប់ជំនួបកំពូលលើកនេះ នៅក្នុងទីក្រុងប៊ូណូស អ៊ែរ៉េស ដោយតំបន់ពាណិជ្ជកម្មសំខាន់ៗនៅក្នុងទីក្រុង ត្រូវបានបិទទ្វារ។
ដោយឡែក ក្រុមបាតុករ ក៏បានបង្ហាញនូវការខឹងសម្បាររបស់ពួកគេផងដែរ ចំពោះការចំណាយលុយច្រើនលើកិច្ចប្រជុំកំពូលមួយនេះ ស្របពេលដែលប្រទេសអាហ្សង់ទីន កំពុងជួបការលំបាកផ្នែកសេដ្ឋកិច្ចនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។