អគ្គស្នងការដ្ឋាននគរបាលជាតិ ប្រាប់ពលរដ្ឋឱ្យហៅទៅលេខ ១១៧ ដើម្បីប្រាប់ករណីបង្ខាំងមនុស្សខុសច្បាប់
ភ្នំពេញ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ បានប្រកាសឲ្យប្រជាពលរដ្ឋទូទាំងប្រទេស និងជនបរទេស បើមានករណីពាក់ព័ន្ធនឹងការបង្ខាំងមនុស្សខុសច្បាប់ ឬ ការជួញដូរមនុស្សគ្រប់ទម្រង់ សូមទំនាក់មកលេខ Hotline ១១៧ ខណៈដែលបច្ចុប្បន្នមជ្ឈមណ្ឌលប្រចាំបញ្ជា ១១៧ បានបន្ថែមមន្ត្រីនគរបាលជាតិប្រចាំការ ដែលចេះនិយាយភាសារអង់គ្លេស ចិន និងភាសារវៀតណាម ។
ជាមួយគ្នានោះ អគ្គស្នងការដ្ឋាននគរបាលជាតិ ក៏បានអំពាវនាវឲ្យប្រជាជនទូទាំងប្រទេស និងគ្រប់មជ្ឈដ្ឋានទាំងអស់ សូមចូលរួមសហការលុបបំបាត់អំពើជួញដូរមនុស្ស បង្ខាំងមនុស្សខុសច្បាប់គ្រប់ទម្រង់ ដោយទំនាក់ទំនងមកលេខ Hotline ១១៧ និងផ្តល់ទំនុកចិត្តឲ្យ ១១៧ ។
លេខទូរស័ព្ទ Hotline ១១៧ នេះ គឺជាមជ្ឈមណ្ឌលប្រចាំបញ្ជារបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ដែលរង់ចាំទទួល និងឆ្លើយតបបន្ទាន់ភ្លាមៗនៅពេលទទួលបាននូវសេចក្ដីរាយការណ៍សុំជំនួយពិតប្រាកដពីនគរបាលជាតិ ដូចជា បទល្មើសព្រហ្មទណ្ឌ, គ្រោះថ្នាក់ចរាចរណ៍, គ្រោះអគ្គិភ័យ ឬភាពអសកម្មមួយចំនួនរបស់មន្ដ្រីនគរបាលនៅតាមមូលដ្ឋានជាដើម ។ ប្រជាពលរដ្ឋអាចទូរស័ព្ទចូលលេខ ១១៧ មិនអស់ថ្លៃសេវានោះទេ ទោះបីជាទឹកប្រាក់ក្នុងគណនេយ្យអស់ក៏អាចទូរស័ព្ទចូលបានផងដែរ។
សូមជំរាបថា វិធានការនេះធ្វើឡើង បន្ទាប់ពីសម្តេចក្រឡាហោម ស ខេង អំពាវនាវដល់សាធារណជនជាតិ-អន្តរជាតិ និងគ្រប់ភាគីពាក់ព័ន្ធបន្តសហការផ្តល់ព័ត៌មានពាក់ព័ន្ធអំពើជួញដូរមនុស្សតាមគ្រប់រូបភាព ដើម្បីបង្ការ ទប់ស្កាត់ និងបង្ក្រាបទាន់ពេលវេលា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។