ខេត្តកំពត នឹងត្រូវប្រកាសជាខេត្តអស់មីន ក្នុងឆ្នាំ២០២៣
ខេត្តកំពត៖ ព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយស្តីពីវិស័យសកម្មភាពមីននៅកម្ពុជា និងការអនុវត្តគម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន “ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម” ដើម្បីខេត្តកំពតអស់មីន។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្ដម នៃ គង់ អភិបាលរងខេត្ត តំណាង ឯកឧត្ដម ម៉ៅ ធនិន អភិបាលខេត្តកំពត ឯកឧត្តម ព្រំ សុភមង្គល អគ្គលេខាធិការអាជ្ញាធរមីន ឯកឧត្ដម អ៊ុំ ភូមិរ៉ូ អគ្គនាយករងនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីកម្ពុជា (CMAC) មន្ទីរជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ រដ្ឋបាលស្រុក/ក្រុង និងក្រុមការងាររៀបចំផែនការសកម្មភាពមីន។
បន្ទាប់ពីមតិស្វាគមន៍របស់ឯកឧត្តម នៃ គង់ អភិបាលរងខេត្តកំពត និងរបាយការណ៍សង្ខេបរបស់ឯកឧត្តម អ៊ុំ ភូមិរ៉ូ អគ្គនាយករងស៉ីម៉ាក់ រួចមក ឯកឧត្តម ព្រំ សុភមង្គល អគ្គលេខាធិការអាជ្ញាធរមីន ក៏បានធ្វើបទបង្ហាញស្តីពីសមិទ្ធផលការងារដែលសម្រេចបាន បញ្ហាប្រឈម និងផែនការបោសសម្អាតមីនក្រោមគម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន “ ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម “ ផងដែរ។
ឯកឧត្តមទេសរដ្ធមន្ត្រី លី ធុជ អនុប្រធានទី១អាជ្ញាធរមីនបានមានប្រសាសន៍ថា ដោយបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី អាជ្ញាធរមីនបានដាក់ពង្រាយកម្លាំងនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីកម្ពុជា (ស៊ីម៉ាក់) ក្នុងខេត្តចំនួន ៥ ដើម្បីប្រកាសជាខេត្តអស់មីន រួមមាន ខេត្តកំពង់ចាម កំពង់ឆ្នាំង តាកែវ កំពត និងខេត្តស្វាយរៀង ក្នុងទំហំផ្ទៃដីមានមីនប្រមាណ ៣១គីឡូម៉ែត្រក្រឡា។
ដោយឡែក ដើម្បីប្រកាសខេត្តកំពតអស់មីន នឹងត្រូវបោសសម្អាតមីន ក្នុងទំហំផ្ទៃដីមានមីន ១០.៩៩៧.២១៤ ម៉ែត្រក្រឡា (ប្រមាណជា ១១ គីឡូម៉ែត្រក្រឡា) ស្មើនឹង ១២១ ចម្ការមីន ក្នុងរយៈពេល ១១ខែ ចាប់ពីខែសីហា ឆ្នាំ២០២២ ដល់ខែមិថុនា ឆ្នាំ២០២៣៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។