ប្រទេសថៃ បន្តរកឃើញអ្នកជំងឺអុតស្វាម្នាក់ទៀត ជាករណីទី៧
បាងកក៖ អ្នករស់នៅបាងកកម្នាក់ត្រូវបានបញ្ជាក់ថា ជាករណីជំងឺអុតស្វា ទី៧ របស់ប្រទេសថៃ។ នាយកដ្ឋានគ្រប់គ្រងជំងឺ (DDC) បាននិយាយ កាលពីថ្ងៃអាទិត្យទី២៨ សីហាថា ស្ត្រីជនជាតិថៃអាយុ ៣៧ឆ្នាំម្នាក់ នៅទីក្រុងបាងកក បានក្លាយជាអ្នកជំងឺអុតស្វា ទី៧ របស់ប្រទេសថៃ បន្ទាប់ពីបានធ្វើតេស្តវិជ្ជមាន កាលពីចុងសប្តាហ៍មុន។
លោកវេជ្ជបណ្ឌិត Opas Karnkawinpong ប្រធាន DDC បាននិយាយថា វិទ្យាស្ថានជំងឺឆ្លង Bamrasnaradura បានជូនដំណឹងដល់នាយកដ្ឋាន កាលពីថ្ងៃសៅរ៍ថា ស្ត្រីនោះបានធ្វើតេស្តវិជ្ជមានសម្រាប់ជំងឺនេះ។
អ្នកជំងឺបានរួមរ័កជាមួយជនបរទេស ប៉ុន្តែមិនបានធ្វើដំណើរទៅក្រៅប្រទេសនាពេលថ្មីៗនេះទេ។ មកដល់ពេលនេះ មនុស្សបីនាក់បានចូលស្និទ្ធស្នាលជាមួយស្ត្រីរូបនោះ ហើយកំពុងត្រូវបានគេតាមដានយ៉ាងដិតដល់។
ប្រទេសថៃ បានរកឃើញករណីចំនួន ៧ ចាប់តាំងពីករណីដំបូងត្រូវបានរកឃើញ ក្នុងខែកក្កដា។ អ្នកជំងឺ ៣នាក់ជាជនបរទេសមកដល់ និង៤នាក់ទៀតជាអ្នកក្នុងស្រុកដែលមានទំនាក់ទំនងជាមួយបរទេស ។ អ្នកជំងឺ ៤នាក់ ក្នុងចំណោមអ្នកជំងឺទាំងប្រាំពីរនាក់ បានជាសះស្បើយហើយ ខណៈ៣នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។