ឥណ្ឌា បន្ត​ជួយ​ក្នុង​ការងារ​អភិរក្ស​ប្រាសាទបុរាណ និង​រៀបចំ​ឲ្យ​មានការ​សិក្សា​ស្វែងយល់​ភាសាសំស្ក្រឹត និង​ភាសា​ខ្មែរ នៅ​កម្ពុជា

​ភ្នំពេញ​៖ នា​ព្រឹក​ថ្ងៃទី​២៩ ខែសីហា ឆ្នាំ​២០២២ លោកជំទាវ​បណ្ឌិត​សភាចា​រ្យ ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ទទួល​ជួប​ឯកឧត្តម​បណ្ឌិត Vinay Sahasrabuddhe, President of Indian Council for Cultural Relations (ICCR) ដើម្បី​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​លើ​វិស័យ​វប្បធម៌​ក្នុងឱកាស​ដែល​ឯកឧត្តម​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា​។​

​ក្នុងជំនួប​ពិភាក្សា លោកជំទាវ​បណ្ឌិត​សភាចា​រ្យ ភឿង ស​កុ​ណា រដ្ឋមន្ត្រី និង​ឯកឧត្តម​បណ្ឌិត Vinay Sahasrabuddhe, President of ICCR បាន​រម្លឹក​ពី​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ​រវាង​ប្រទេស​ទាំងពីរ ដែលមាន​តាំងពី​យូរលង់​ណាស់​មកហើយ​រហូតមក​ដល់​បច្ចុប្បន្ន ទាំង​លើ​វិស័យ​វប្បធម៌ នយោបាយ និង​ការទូត​។

​ទាក់ទង​នឹង​កិច្ចការ​វប្បធម៌ ភាគី​ទាំងពីរ​តែងតែ​ធ្វើការ​ផ្លាស់ប្តូរ​ប្រតិភូ​ទៅវិញទៅមក ហើយ​ភាគី​ឥណ្ឌា ក៏បាន​ជួយ​ច្រើន​ក្នុង​កិច្ចការ​អភិរក្ស​ប្រាសាទបុរាណ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។​

​ទាក់ទង​នឹង​កម្មវិធី​កិច្ចសហប្រតិបត្តិការ​វប្បធម៌ ភាគី​ឥណ្ឌា​នៅតែ​បន្ត​ជួយ​ក្នុង​ការងារ​អភិរក្ស​ប្រាសាទបុរាណ ការរៀបចំ​ឲ្យ​មានការ​សិក្សា​ស្វែងយល់​ភាសាសំស្ក្រឹត និង​ភាសា​ខ្មែរ ការផ្លាស់ប្តូរ​ថ្នាក់ដឹកនាំ​វ័យក្មេង និង​ការលើកស្ទួយ​សារមន្ទីរ​វាយ​ន​ភណ្ឌ​នៅ​ខេត្តសៀមរាប​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close