ក្រុមហ៊ុន​ដឹកជញ្ជូន Fedex របស់​សហរដ្ឋអាមេរិក គ្រោង​ធ្វើការ​ហោះហើរ​ត្រង់​មក​កម្ពុជា ចាប់ពី​ខែតុលា ឆ្នាំ​២០២២ នេះ​

​ភ្នំពេញ​៖ “​ក្រុមហ៊ុន​ដឹកជញ្ជូន​ដ៏​ធំ​មួយ​របស់​សហរដ្ឋអាមេរិក គឺ​ក្រុមហ៊ុន Fedex គ្រោង​ធ្វើការ​ហោះហើរ​ត្រង់​មក​ប្រទេស​កម្ពុជា ចាប់ពី​ខែតុលា ឆ្នាំ​២០២២ នេះ​” នេះ​ជាការ​លើកឡើង​របស់ ឯកឧត្តម បួន សារៈ​មុនី រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម នាឱកាស​ដែល ឯកឧត្តម អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ លោក Wallace K.Hsueh និង​លោកស្រី Audrey Cheong អគ្គនាយករង​ក្រុមហ៊ុន Fedex នា​រសៀល​ថ្ងៃទី​៣០ ខែសីហា ឆ្នាំ​២០២២​។​

​ក្នុងឱកាស​នោះ ឯកឧត្តម​រដ្ឋលេខាធិកា​រ បាន​ជម្រាបជូន​អំពី​បរិយាកាស​ធុរកិច្ច និង​សក្តានុពល​ពាណិជ្ជកម្ម​របស់​កម្ពុជា រួម​កមាន​៖ ការកសាង​លិខិតបទដ្ឋាន​គតិយុត្ត និង​ការបើក​ច្រក​ទីផ្សារ​ថ្មីៗ​បន្ថែមទៀត​របស់​កម្ពុ​ជា តាមរយៈ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​កម្ពុជា​-​ចិន កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​កម្ពុជា​-​កូរ៉េ និង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់ (RCEP) ជាដើម​។​

​ឯកឧត្តម​រដ្ឋលេខាធិកា​រ បន្តថា ទោះបី​ស្ថិតក្នុង​ស្ថានភាព​នៃ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ យ៉ាងណាក្ដី ក៏​ទំហំ​ពាណិជ្ជកម្ម​កម្ពុជា មានការ​រីកចម្រើន​គួរឱ្យ​គាត់​សម្គាល់ ជាពិសេស​ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​សហរដ្ឋអាមេរិក​មានកា​រ​កើនឡើង​នៅ​ឆមាស​ទី​១ នៃ​ឆ្នាំ​២០២២ ចំនួន 61.54% បើ​ធៀប​នឹង​ឆមាស​ទី​១​នៃ​ឆ្នាំ​២០២១​។​

​ជាការ​ឆ្លើយតប តំណាង​ក្រុមហ៊ុន Fedex បាន​ថ្លែង​កោតសរសើ​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ក្រសួងពាណិជ្ជកម្ម និង​បាន​ថ្លែងអំណរគុណ​ដល់​ក្រសួងពាណិជ្ជកម្ម ដែល​បាន​សហការ​ល្អ នាពេល​កន្លងមក ជាពិសេស​ក្នុង​ការជួយ​សម្របសម្រួល​ការងារ​នានា រហូតដល់​ក្រុមហ៊ុន​អាច​ចាប់ផ្ដើម​ការហោះហើរ​ត្រង់ មក​កម្ពុជា​ចាប់ពី​ខែតុលា ឆ្នាំ​២០២២ នេះ​តទៅ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close