ឯកឧត្ដម លី ធុជ៖ សម្តេចតេជោ តែងតែចាត់ទុកការងារបោសសម្អាតមីន ជាការងារស្នូល និងអាទិភាព ក្នុងបុព្វហេតុសង្គ្រោះ ស្តារ កសាង និងអភិវឌ្ឍន៍ប្រទេសជាតិ
កំពង់ឆ្នាំង៖ នាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ នៅរដ្ឋបាលខេត្តកំពង់ឆ្នាំង ឯកឧត្ដម ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយស្តីពីវិស័យសកម្មភាពមីននៅកម្ពុជា និងការអនុវត្តគម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន “ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម” ដើម្បីខេត្តកំពង់ឆ្នាំង អស់មីន។
កិច្ចប្រជុំនេះ មានការចូលរួមពី ឯកឧត្តម អម សុភា អភិបាលរងខេត្ត និងជាប្រធានគណៈកម្មាធិការសកម្មភាពមីនខេត្តកំពង់ឆ្នាំង តំណាង ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ឯកឧត្តម អ៊ុំ ភូមិរ៉ូ អគ្គនាយករងស៊ីម៉ាក់ មន្ទីរជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ រដ្ឋបាលស្រុក និងក្រុមការងាររៀបចំផែនការសកម្មភាពមីន។
ក្នុងកិច្ចប្រជុំនោះ ឯកឧត្ដម ទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា បេសកកម្មនៃការងារបោសសម្អាតមីននេះ គឺជាការអនុវត្តនូវទស្សនវិស័យ និងគោលបំណងរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងការបញ្ចប់នូវការឈឺចាប់ ការភ័យខ្លាច និងទុក្ខលំបាករបស់ប្រជាជនកម្ពុជា ដែលបង្កឡើងដោយសារគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ក្រោយសង្គ្រាម។
សម្តេចតេជោ តែងតែចាត់ទុកការងារបោសសម្អាតមីន ជាការងារស្នូល និងអាទិភាព ក្នុងបុព្វហេតុសង្គ្រោះ ស្តារ កសាង និងការអភិវឌ្ឍប្រទេសជាតិ ហើយខេត្តកំពង់ឆ្នាំង គឺជាខេត្តអាទិភាពមួយ ក្នុងចំណោមខេត្តដទៃទៀត សម្រាប់ការអនុវត្តគម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន “ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម” ដែលនឹងត្រូវប្រកាសជាខេត្តអស់មីន ក្នុងខែធ្នូ ឆ្នាំ២០២២ ខាងមុខនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។