ក្រសួង​ការងារ ប្រកាស​អំពី​លទ្ធផល​នៃ​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា ខណៈ​ភាគី​ន​យោជក និង​តំណាង​កម្មករ​កាន់តែ​ខិតជិត​គ្នា​

ភ្នំពេញ​៖ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅ​យប់​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០២២​នេះ បានចេញ​សេចក្តីប្រកាស​អំពី​លទ្ធផល នៃ​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា ជា​លើក​ទី​៣​នៅថ្ងៃនេះ ខណៈ​ភាគី​ន​យោជក និង​តំណាង​កម្មករ​កាន់តែ​ឃិត​ជិតគ្នា​។​

​សេចក្តីប្រកាស​បានបញ្ជាក់​ថា ក្រោយ​ការប្រជុំ​ផ្ទៃក្នុង​ភាគី​របស់ខ្លួន​ចំនួន ៣​លើក ភាគី​តំណាង​កម្មករនិយោជិត​បាន​បន្ថយ​តួលេខ​ពី​ចំនួន ២១៥​ដុល្លារ​អាម៉េរិក មក​តួលេខ ២១៣​ដុល្លារ​អាម៉េរិក ជា​មូលដ្ឋាន​ក្នុង​ការចរចា​ថ្ងៃនេះ​។ ក្រោយ​ការប្រជុំ​ផ្ទៃក្នុង​ចំនួន ២​លើក ភាគី​និយោជក​ក៏បាន​ដំឡើង​តួលេខ​ពី​ចំនួន ១៩៤​ដុល្លារ​អាម៉េរិក ទៅ​តួលេខ ១៩៦​ដុល្លារ​អាម៉េរិក ជា​មូលដ្ឋាន​ក្នុង​ការចរចា​ថ្ងៃ​នេះដែរ​។ ភាគី​ទាំងពីរ​បាន​បន្ត​ពន្យល់ និង​ការពារ​គោលជំហរ​រប​ស់​ខ្លួន​ទៅវិញទៅមក​ប្រកបដោយ​វិជ្ជាជីវៈ និង​ភាពចាស់ទុំ​។​

​នៅក្នុង​កិច្ចប្រជុំ​ត្រីភាគី​នេះ ភាគី​រាជរដ្ឋាភិបាល​ក៏បាន​បន្ត​សម្របសម្រួល និង​ផ្តល់នូវ​ការពន្យល់​បន្ថែម​លើ​ចំណុច​នានា តាម​សំណូមពរ​របស់​ភាគី​តំណាង​កម្មករនិយោជិត និង​ភាគី​តំណាង​និយោជក​ផងដែរ​។ តាម​លក្ខណ​បច្ចេកទេស និង​បម្រែបម្រួល​ទិន្នន័យ​នៃ​លក្ខណវិនិច្ឆ័យ​ទាំង​៧ ដែលជា​មូលដ្ឋាន​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា​នោះ អគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា​បាន​គណនា​ឃើញថា​តួលេខ​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​ឆ្នាំ​២០២៣​គឺ ១៩៧.៨៦​ដុល្លារ​អាម៉េរិក​។​

​អង្គ​ប្រជុំបាន​ឯកភាពគ្នា​កំណត់​កិច្ចពិភាក្សា​ជា​លក្ខណ​ត្រីភាគី​បន្តទៀត នៅ​ម៉ោង ២:៣០​នាទី​រសៀល ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០២២ និង​ប្រជុំ​បញ្ចប់​នៅ​ម៉ោង ២:៣០​នាទី​រសៀល ថ្ងៃទី​២១ ខែកញ្ញា ឆ្នាំ​២០២២៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close