គម្រោង​ថ្មី​ចំនួន ៥​ទៀត បោះទុន​ជិត ៨៣​លាន​ដុល្លារ នឹង​បើក​ដំណើរការ​នៅ​កម្ពុជា​

​ភ្នំពេញ​៖ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា កាលពី​ថ្ងៃទី​៣១ សីហា ម្សិលមិញ បានសម្រេច​អនុម័ត​ឲ្យ​គម្រោង​ថ្មីៗ​ចំនួន ៥​បន្ថែមទៀត បើក​ដំណើរការ ក្នុង​ទំហំ​ទឹកប្រាក់​សរុប​ជិត ៨៣​លាន​ដុល្លារ​អាមេរិក និង​បានផ្តល់​ការងារ​រាប់ពាន់​កន្លែង​ទៀត​។​

​តាម​សំណើសុំ​វិនិយោគ​របស់​ក្រុមហ៊ុន គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានសម្រេច​ចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី​គម្រោង​វិនិយោគ ជូន​ដល់​ក្រុមហ៊ុន​ដូចខាងក្រោម​៖

១-KITATSU SOLAR (CAMBODIA) CO., LTD គម្រោង​បង្កើត​រោងចក្រ​ផ្គុំ​ដំឡើង​បន្ទះ​សូ​ឡា ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ផ្លូវជាតិ​លេខ​៥១ ភូមិ​ត្រពាំង​ព្រៃ​ភូមិ ឃុំ​ទំនប់​ធំ ស្រុក​ពញាឮ ខេត្តកណ្តាល ក្នុង​ទុនវិនិយោគ​ប្រមាណ ២៣,៤​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៦៣៧​កន្លែង​។​

២-KHEMUNIK HOSPITAL CO., LTD គម្រោង​សាងសង់ និង​អាជីវកម្ម​មន្ទីរពេទ្យ​ចំនួន ១៥០​គ្រែ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ផ្លូវជាតិ​លេខ ២១ ភូមិ​ព្រែក​សំរោង​៣ សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្តកណ្តាល ក្នុង​ទុនវិនិយោគ​ប្រមាណ ២៣​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៤៥៨​កន្លែង​។​

៣-SAMANEA CO., LTD គម្រោង​វិនិយោគ​អភិវឌ្ឍន៍​កោះ​ស្វាយ កោះ​ម្ទេស និង​កោះ​កុក ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​កែប សង្កាត់​កែប ក្រុងកែប ខេត្ត​កែប ក្នុង​ទុនវិនិយោគ​ប្រមាណ ១៨,២​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៦០​កន្លែង​។​

៤-LATE CHENG MINING DEVELOPMENT CO., LTD គម្រោង​វិនិយោគ​អាជីវកម្ម​រ៉ែ​មាស ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ឃុំ​សុចិត្រ ស្រុក​សណ្តាន់ ខេត្តកំពង់ធំ ក្នុង​ទុនវិនិយោគ​ប្រមាណ ១៣​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៣០០​កន្លែង​។​

៥-HEN JIU GARMENT ACCESSORY CO., LTD គម្រោង​បង្កើត​រោងចក្រ​ផលិត​គ្រឿង​បន្សំ​សម្លៀកបំពាក់ និង​ខារ​អំបោះ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​កន្ទោក​ជើង សង្កាត់​កន្ទោក ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ ក្នុង​ទុនវិនិយោគ​ប្រមាណ ៥,១​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៤៦៣​កន្លែង​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close