ប្រធានាធិបតីអតីតសហភាពស៊ូវៀតបានស្លាប់ ក្នុងវ័យ៩១ឆ្នាំ
អតីតមេដឹកនាំសហភាពសូវៀត លោក Mikhail Gorbachev បានទទួលមរណភាពក្នុងជន្មាយុ ៩១ឆ្នាំ នៅក្នុងមន្ទីរពេទ្យCentral Clinical Hospital ក្នុងទីក្រុងមូស្គូ នាយប់ថ្ងៃទី៣០ខែសីហា ។
ក្រោយទទួលបានដំណឹងមរណភាពនេះ លោកពូទីន បានចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំ។ លោក ហ្គ័របាឆេវ បានឡើងកាន់អំណាចជាមេដឹកនាំសហភាពសូវៀតនៅឆ្នាំ១៩៨៥។ លោកជាមេដឹកនាំសហភាពសូវៀតចុងក្រោយបំផុត ដោយនៅឆ្នាំ១៩៩១ លោកបានចូលរួមចំណែកក្នុងការបញ្ចប់សង្គ្រាមត្រជាក់តាមរយៈការរំលាយសហភាពសូវៀត និងអនុញ្ញាតឱ្យបណ្ដាប្រទេសអឺរ៉ុបខាងកើតទទួលបានឯករាជ្យ។
លោក Mikhail Gorbachev កើតនៅថ្ងៃទី២ខែមីនាឆ្នាំ១៩៣១ នៅក្នុងគ្រួសារកសិករ។ នៅឆ្នាំ១៩៥៥ លោកបានបញ្ចប់មហាវិទ្យាល័យច្បាប់នៅទីក្រុងមូស្គូ ។ លោកបានចូលរួមជាមួយក្រុមយុវជនសាធារណរដ្ឋឡេនីន។
នៅអំឡុងដើមទសវត្សរ៍ឆ្នាំ១៩៦០ លោក Mikhail Gorbachev បានក្លាយជាប្រធាននាយកដ្ឋានកសិកម្មក្នុងទីក្រុងស្ដាវរ៉ូប៉ូល ហើយនៅដំណាច់ទសវត្សរ៍ឆ្នាំ១៩៦០ ប្រជាប្រិយភាពរបស់លោកកើនឡើងជាលំដាប់ និងបាន ក្លាយជាមន្ត្រីកំពូលម្នាក់របស់បក្សប្រចាំទីក្រុងស្ដាវរ៉ូប៉ូល។ រហូតដល់ឆ្នាំ១៩៧១ លោកបានជាប់ឆ្នោតជាសមាជិកគណៈកម្មាធិការមជ្ឈិមបក្ស។
នៅឆ្នាំ១៩៧៨ លោក ហ្គ័របាឆេវ បានត្រឡប់ទៅកាន់ទីក្រុងមូស្គូវិញ ហើយនៅឆ្នាំបន្ទាប់លោកត្រូវបានជ្រើសរើសជាបេក្ខជននៃសមាជិកការិយាល័យនយោបាយរបស់បក្ស។ ក្រោយក្លាយជាសមាជិកការិយាល័យនយោបាយពេញសិទ្ធិនៅឆ្នាំ១៩៨០ លោកហ្គ័របាឆេវបានក្លាយជាអ្នកនយោបាយម្នាក់ដែលកាន់តែមានឥទ្ធិពល បន្ទាប់ពីគ្រូមគ្គុទេសក៍របស់លោក គឺលោក Andropov ឡើងកាន់តំណែងជាអគ្គលេខាធិការបក្សជំនួសលោក Leonid Brezhnev។
ចាប់តាំងពីពេលនោះមក លោក Mikhail Gorbachev ចាប់ផ្ដើមកសាងអំណាចនៅក្នុងបក្សជាមួយគោលនយោបាយបំបាត់អំពើពុករលួយ និងរហូតដល់ឆ្នាំ១៩៨៥ ទើបលោកក្លាយជាមេដឹកនាំសហភាពសូវៀត។ ប៉ុន្តែ នៅឆ្នាំ១៩៩១ លោក Mikhail Gorbachev ដែលជាមេដឹកនាំសហភាពសូវៀតចុងក្រោយបំផុតបានចូលរួមចំណែកក្នុងការបញ្ចប់ សង្គ្រាមត្រជាក់តាមរយៈការរំលាយ សហភាពសូវៀត និងអនុញ្ញាតឱ្យបណ្ដាប្រទេសអឺរ៉ុបខាងកើតទទួលបានឯករាជ្យ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។