ទំនាក់ទំនងរវាងចិន និងតៃវ៉ាន់ កាន់តែតានតឹងក្រោយ តៃវ៉ាន់បាត់ទម្លាក់យន្តហោះគ្មានមនុស្សបើក
នៅថ្ងៃទី១ខែកញ្ញា កម្លាំងការពារឆ្នេរសមុទ្រកោះតៃវ៉ាន់ បានឲ្យដឹងថា បានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើក ដែលបានចូលមកដែនអាកាស នៅលើកោះ Kinmen។
សារព័ត៌មានរ៉យទ័របានផ្សាយថា កម្លាំងទាហានកោះតៃវ៉ាន បានបាញ់ទម្លាក់ យន្តហោះគ្មានមនុស្សបើក ដែលចូលដល់តំបន់ហាមឃាតនៅជិតកោះ Kinmen នៅថ្ងៃទី ១ខែកញ្ញា។ ក្រុមទាហានកោះតៃវ៉ាន់ បានបណ្តេញយន្តហោះគ្មានមនុស្សបើក ដូច្នេះទាហានកោះតៃវ៉ាន់ក៏បានសម្រេចបើកការវាយប្រហារ តែម្តង។
នៅក្នុងព្រឹត្តិការណ៍មួយផ្សេងទៀតដែលពាក់ព័ន្ធនោះដែរ ក្នុងរបាយការណ៍មួយស្តីពីយោធាចិន ក្រសួងការពារជាតិតៃវ៉ាន់ នៅថ្ងៃព្រហស្បតិ៍នេះ បានអះអាងថា ទីក្រុងប៉េកាំងបាននិងកំពុងសំងំ ធ្វើការហ្វឹកហ្វឺនវាយប្រហារទៅលើ ក្រុមនាវាយោធារបស់សហរដ្ឋអាមេរិក ហើយកំពុងមានគោលដៅរារាំងមិនឱ្យ កងកម្លាំងបរទេសចូលមកជួយកោះតៃវ៉ាន់ នៅពេលដែលសង្គ្រាមផ្ទុះឡើង។
នៅក្នុងរបាយការណ៍ខាងលើដែលផ្ញើទៅកាន់សភាតៃវ៉ាន់ ក្រសួងការពារជាតិតៃវ៉ាន់ បាននិយាយថា ចិនកំពុងបន្តពង្រឹងសមត្ថភាពប្រយុទ្ធរបស់ខ្លួន សម្រាប់ការវាយប្រហារមកលើដែនកោះនេះ។ ទីក្រុងប៉េកាំងបានផ្តោតសំខាន់ជាពិសេស ទៅលើតំបន់គេហៅថា ខ្សែកោះយុទ្ធសាស្ត្រទី១ ដែលគិតចាប់ពីភាគខាងត្បូងនៃប្រទេសជប៉ុន ហើយរត់កាត់តាមតៃវ៉ាន់, ហ្វីលីពីន រហូតទៅដល់កោះBorneo។
បើតាមការអះអាងក្នុងរបាយការណ៍ គឺចិនបាននិងកំពុងប្រើប្រាស់ការធ្វើសមយុទ្ធ ដើម្បីជាឱកាសហាត់សមវាយប្រហារទៅលើ ក្រុមនាវាចម្បាំងរបស់អាមេរិក ដែលធ្វើដំណើរចូលមកកាន់តំបន់ខ្សែកោះយុទ្ធសាស្ត្រខាងលើ ហើយទីក្រុងប៉េកាំងមានគោលដៅ សម្រេចឱ្យបាននូវការគ្រប់គ្រងជាយុទ្ធសាស្ត្រលើតំបន់ខ្សែកោះនោះ នៅត្រឹមឆ្នាំ២០៣៥។
កាលពីក្នុងខែសីហាកន្លងទៅនេះ ភាពតានតឹងរវាងតៃវ៉ាន់និងចិនបានកើនឡើងកម្តៅជាខ្លាំង ក្រោយដំណើរទស្សនកិច្ចរបស់ ប្រធានសភាតំណាងរាស្ត្រអាមេរិក គឺលោកស្រី ណាន់ស៊ី ផេឡូស៊ី (Nancy Pelosi) នៅកោះតៃវ៉ាន់ ដែលបានបង្កឱ្យទីក្រុងប៉េកាំង មានការខឹងសម្បារជាខ្លាំង ដ្បិតចិនចាត់ទុកវាគឺជាសកម្មភាពជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ខ្លួន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។