រដ្ឋមន្ត្រីក្រសួង​អប់រំ និង​អង្គការ​យូណេស្កូ បញ្ជាក់​ជាថ្មី​នូវ​កិច្ចសហការ ដើម្បី​ពង្រឹង​ប្រព័ន្ធ​អប់រំ​នៅ​កម្ពុជា

​ឥណ្ឌូណេស៊ី​៖ ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា បាន​ជួបពិភាក្សា​ការងារ​ជាមួយ​លោកស្រី Stefania Giannini ជំនួយការ​អគ្គនាយក​អង្គការ​យូណេស្កូ ទទួលបន្ទុក​វិស័យ​អប់រំ បន្ទាប់ពី​ចូលរួម​កិច្ចប្រជុំ​ក្រុមការងារ​អប់រំ​លើក​ទី​៤ និង​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​អប់រំ​នៃ​ប្រទេស​ជា​សមាជិក G20 ដែល​ប្រព្រឹត្តទៅ​ចាប់ពី​ទី​៣១ ខែសីហា​ដល់​ថ្ងៃទី​០១ ខែកញ្ញា ឆ្នាំ​២០២២ នៅ​ប្រទេស​ឥណ្ឌូណេស៊ី​។

​ក្នុងឱកាស​នោះ ឯកឧត្តម​រដ្ឋមន្ត្រី និង​លោកស្រី Giannini បានលើកឡើង​ពី​កិច្ចសហប្រតិបត្តិការ​ជិតស្និទ្ធ​រវាង​ក្រសួង​អប់រំ យុវជន និង​កីឡា និង​អង្គការ​យូណេស្កូ​នៅ​កម្ពុជា​។ លោកស្រី Giannini បាន​ថ្លែងអំណរគុណ​ចំពោះ​ឯកឧត្តម​បណ្ឌិតសភា​ចា​រ្យ និង​មន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា​កម្ពុជា សម្រាប់​ភាពជា​ដៃគូ​ជាមួយ​អង្គការ​យូណេស្កូ​ក្នុងការ​ជំរុញ​គុណភាព​អប់រំ​នៅ​កម្ពុជា​។

​ឯកឧត្តម​រដ្ឋមន្ត្រី​បណ្ឌិតសភា​ចា​រ្យ ក៏​នឹងចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​ស្ដីពី កំណែទម្រង់​វិស័យ​អប់រំ ដែល​ត្រូវបាន​កោះប្រជុំ​ដោយ​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​នា​ថ្ងៃទី​១៩ ខែកញ្ញា ឆ្នាំ​២០២២ នៅ​ទីក្រុង​ញូវយ៉ក សហរដ្ឋអាមេរិក​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close