ប្រជាពលរដ្ឋជាង១ម៉ឺន២ពាន់នាក់បន្ថែមទៀត បានចាកចេញពីចម្ការលោក ខឹម វាសនា
(សៀមរាប) ៖ ប្រជាពលរដ្ឋជាង១ម៉ឺន២ពាន់នាក់បន្ថែមទៀត បានចាកចេញពីចម្ការរបស់លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP) គិតត្រឹមរសៀលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២២។
បើតាមរបាយការណ៍របស់អាជ្ញាធរ ត្រឹមថ្ងៃទី៣ ខែកញ្ញា ចំនួនចេញសរុប១២៣១នាក់ ក្នុងនោះស្រី៥៦៤នាក់ ក្មេង ១០៣នាក់ រថយន្ត ៧១គ្រឿង ទោចក្រយាន្តយន្ត ៨៨គ្រឿង រ៉ឺម៉ក ៤០គ្រឿង គោយន្ត ១៦គ្រឿង ខណៈសភាពការណ៍មានភាពស្ងប់ស្ងាត់។
គួរបញ្ជាក់ថា លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP) នាពេលថ្មីៗនេះ បានប្រកាសកៀរគរសមាជិក សមាជិការបស់ខ្លួនពីតាមបណ្តាខេត្តនានា ទៅប្រមូលផ្តុំ និងជួបជុំគ្នានៅដីចម្ការរបស់ខ្លួន ក្នុងភូមិសរសី ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប ក្បែរជើងភ្នំគូលែន ក្រោមហេតុផលស្តាប់ធម៌ និងគេចចេញពីគ្រោះមហន្តរាយធម្មជាតិមានរញ្ជួយដី និងទឹកជំនន់លិចពិភពលោកជាដើម។ ទិន្នន័យប៉ាន់ប្រមាណដោយអាជ្ញាធរ បានរកឃើញថា មានការប្រមូលផ្តុំ និងជួបជុំនោះ មានសមាជិករហូតដល់ទៅជិត ២ម៉ឺននាក់ផងដែរ។
ក្នុងការប្រម្ដុំនេះដែរស្រ្តីចំនួន ៦នាក់ដែលជាសកម្មជនរបស់គណបក្ស LDP ត្រូវបាសមត្ថកិច្ចជំនាញឃាត់ខ្លួនបញ្ជូនទៅតុលាការ ហេីយចៅក្រមស៊ើបសួរសាលាដំបូងខេត្ត បានសម្រេចចេញដីកាឃុំខ្លួនដាក់ពន្ធនាគារជាបណ្តោះអាសន្ន ដោយចោទប្រកាន់ពី បទ «ប្រឆាំងនឹងមន្ត្រីរាជការសាធារណៈដោយមានស្ថានទម្ងន់ទោស» តាមមាត្រា៥០៣ និង ៥០៥ នៃក្រមព្រហ្មទណ្ឌ។ បន្ទាប់ពីក្រុមគាត់បានបំពានកិច្ចសន្យា និងធ្វើសកម្មភាពប្រឆាំង អ្នករាជការសាធារណៈ ដោយមិនស្ដាប់តាមការណែនាំ និងមានការបង្ខាំងមនុស្សមិនឱ្យចាកចេញពីចំការលោក ខឹម វាសនា ដែលស្ថិតនៅជើងភ្នំគូលែន ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ មិនតែប៉ុណ្ណោះបានជិះរថយន្តរួមគ្នាដឹកបន្លែចូលតំបន់ហាមឃាត់ និងបុកបារ៉ាស់របស់សមត្ថកិច្ច ថែមទាំងប្រើហិង្សាមកលើសមត្ថកិច្ច ដោយការជេរប្រមាថផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។