សមត្ថកិច្ច​ឆ្មក់បង្រ្កាប​ទីតាំងខារ៉ាអូខេ​បង្កប់សេវាផ្លូវភេទ

(កំពង់ស្ពឺ) ៖ សមត្ថកិច្ច បានឆ្មក់បង្ក្រាបទីតាំងហាងខារ៉ាអូខេមួយកន្លែង លួចបង្កប់បំរើសេវាផ្លូវភេទ ឃាត់មនុស្សជាច្រើននាក់ទាំងយប់បញ្ជូនតាមរថយន្តដឹកយកទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺស្ងាត់ៗ។

ការឆ្មក់បង្ក្រាបទីតាំងខារ៉ាអូខេលួចបង្កប់បំរើសេវាផ្លូវភេទនេះ ធ្វើឡើងកាលពីព្រលប់ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២២ នៅក្នុងហាងខារ៉ាអូខេ យីហោ (ផ្ទះមេ KTV) ស្ថិតនៅក្នុងភូមិទី៤ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

ប្រតិបត្តិការខាងលើសមត្ថកិច្ចបានទទួលព័ត៌មានពី ប្រភពច្បាស់ការថាទីតាំង KTV នេះបើកបម្រើសេវាច្រៀងលេងកំសាន្ដផង និងលួចលាក់ឲ្យមានការផ្ដល់សេវាផ្លូវភេទ ពាក្យច្បាប់សញ្ចារកម្ម ” ជាក់ស្ដែងសមត្ថកិច្ចបានឃាត់មនុស្ស ០៣នាក់ដែលជាអ្នកទទួលខុសត្រូវលើទីតាំងខាងលើ ដើម្បីយកមកសាកសួរ នៅស្នងការដ្ឋាននគរបាលខេត្ដ។

តាមការបញ្ជាក់ពីលោកស្រី វរសេនីយ៍ ទោ មួនមល្លិកា នាយការិយាល័យ ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនថា ជនសង្ស័យក្នុងការទទួល ខុសត្រូវចំពោះទីតាំងខាងលើ ៣នាក់មានឈ្មោះ÷
១_ ឈ្មោះ សួង ស្រីអូន ភេទស្រី អាយុ ៣៣ ឆ្នាំ តួនាទី ជាថៅកែហាង
២_ ឈ្មោះ ទាវ ស្រីមុំ ភេទស្រី អាយុ ១៨ ឆ្នាំ តួនាទី ជាមេការ
៣_ ឈ្មោះ អាន ស្រីមុំ ភេទស្រី អាយុ ៣៣ឆ្នាំ តួនាទី ជាមេការ

ប្រតិបត្តិការ បានសង្រ្គោះនារីចំនួន៧នាក់ ក្នុងនោះមានក្មេងស្រី មិនទាន់គ្រប់អាយុ(ជាអនីតិជន ក្រោម១៨ឆ្នាំ ) ៤នាក់ ។

ក្រោយនីតិវិធីសាកសួរលើជនសង្ស័យទាំង៣នាក់ សមត្ថកិច្ចរកឃើញ តម្រុយពីការប្រព្រឹត្តិឲ្យមានអំពើសញ្ចាកម្ម បម្រើសេវាផ្លូវភេទ នៅទីតាំង ខាងលើ សមត្ថកិច្ចនគរបាលបានបំពេញនីតិវិធី កសាងសំណុំរឿងបញ្ជូនទៅអយ្យការចាត់ការបន្ដ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close