មកដឹង​រឿង​លម្អិត ករណីខ្មាន់កាំភ្លើងជួញដូរគ្រឿងញៀន បាញ់តតាំងជាមួយសមត្ថកិច្ចរហូតស្លាប់ម្នាក់កាលពីពេលថ្មីៗនេះ

នៅរសៀលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២២ សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន បានបង្ហាញព័ត៌មានលម្អិតស្តីពីការបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿងញៀនឆ្លងដែន កាលពីថ្ងៃទី៣១ ខែសីហា បណ្តាលឱ្យស្លាប់ជនសង្ស័យម្នាក់ និងចាប់ខ្លួនជនជាតិថៃ៤នាក់ រឹបអូសគ្រឿងញៀនបានជាង៤០គីឡូក្រាម។

របាយការណ៍​បាន​បញ្ជាក់ថា ដោយអនុវត្តតាមបទបញ្ជា ឯកឧត្តម នាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម នាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ពី ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង០៨ៈ៣០នាទី កម្លាំងជំនាញ(ក៥)នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយ លោកឧត្តមសេនីយ៍ទោ សាន សុទ្ធី, លោកឧត្តមសេនីយ៍ទោ ឆាយ ហួត. លោកឧត្តមសេនីយ៍ត្រី គឹម តូ, លោកវរសេនីយ៍ទោ ទេព សុវណ្ណដារ៉ា នាយករងមន្ទីរ បានធ្វើការស៊ើបអង្កេតរយៈពេលជាង១ខែ ដោយមានការចូលរួមសហការពីកម្លាំងនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងមានការសម្របសម្រួលពីលោក អ៊ុ សភ្តិ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបើកកិច្ចប្រតិបត្តិការបង្ក្រាប ក្រុមឩក្រិដ្ធជន ជនជាតិថៃ ដឹកជញ្ជូនជួញដូរគ្រឿងញៀននៅចំណុច ផ្លូវកែវចិន្តា ស្ថិតក្នុងភូមិ៣ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា ដោយបានបង្ក្រាបលើក្រុមករណីជួញដូរគ្រឿងញៀនឆ្លងដែន ហើយត្រូវជនសង្ស័យ បើករថយន្តបំបុក និងប្រើអាវុធបាញ់មកលើសមត្ថកិច្ចចំនួន០៨គ្រាប់ ខណៈភ្លាមៗនោះ សមត្ថកិច្ចក៏បានប្រើសិទ្ធិការពារខ្លួន បាញ់តបតវិញ បណ្តាលឱ្យជនសង្ស័យម្នាក់បានស្លាប់ និងម្នាក់ទៀតរងរបួស។

ជាលទ្ធផលដែលសមត្ថកិច្ចសម្រេចបានរួមមាន៖

ក- ឃាត់ខ្លួនជនសង្ស័យ៖ ៤នាក់៖ ទី១-ឈ្មោះ នុំ ប៉ាគុន ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិថៃ។ ទី២-ឈ្មោះ សែប ជីឡែងស៊ុក ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិថៃ។ ទី៣-ឈ្មោះ ណា កូ ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិថៃ(រងរបួស) ជាមេក្លោងឧក្រិដ្ឋជន និងជាមុខសញ្ញាមានដីកាស្វែងរកចាប់ខ្លួនជាច្រើនករណី ជាឃាតកបាញ់សម្លាប់ប៉ូលិសថៃ និងមេក្លោងជួញដូរគ្រឿងញៀននៅថៃផងដែរ។ ទី៤-ឈ្មោះ ណាថៈពង្ស ប៉ូខាន ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិថៃ(ស្លាប់)។

ខ- ចាប់យកវត្ថុតាងគ្រឿងញៀនសរុបចំនួន ៤១គីឡូ៩៣២ក្រាម រួមមាន៖ ទី១- ប្រភេទ កេតាមីន(KETAMINE)ទម្ងន់ ១២គីឡូ១៨០ក្រាម។ ទី២- ប្រភេទអ៊ិចស្តាស៊ី(MDMA)ទម្ងន់២៩គីឡូ៧៥២ក្រាម។ និងទី៣- រថយន្តជនសង្ស័យចំនួន ២គ្រឿង និងអាវុធខ្លី២ដើម។ បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងចាប់យកខាងលើ សមត្ថកិច្ចជំនាញ បានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញបន្តតាមនីតិវិធីច្បាប់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close