បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​ឆ្លងដែន​ជាង ៤០​គីឡូក្រាម ចាប់ខ្លួន​ជនជាតិ​ថៃ ៤​នាក់ ផ្ទុះអាវុធ​សមត្ថកិច្ច​បាញ់ ជនសង្ស័យ​ស្លាប់​ម្នាក់ រងរបួស​ម្នាក់​

​ភ្នំពេញ​៖ កាលពី​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០២២ កន្លងទៅ កម្លាំង​ជំនាញ​(​ក​៥) នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន បាន​បើក​កិច្ចប្រតិបត្តិការ​បង្ក្រាប​ក្រុម​ឧ​ក្រិ​ដ្ធ​ជន​ជនជាតិ​ថៃ​ចំនួន ៤​នាក់ ខណៈ​ដឹកជញ្ជូន​គ្រឿងញៀន​ជាង ៤០​គីឡូក្រាម នៅ​ចំណុច​ផ្លូវ​កែវ​ចិន្តា ស្ថិត​ក្នុងភូមិ​៣ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ។​

​ក្នុងករណី​នេះដែរ ជនសង្ស័យ​បាន​បើករថយន្ត​បំ​បុក និង​ប្រើ​អាវុធ​បាញ់​មកលើ​សមត្ថកិច្ច​ចំនួន ០៨​គ្រាប់ ហើយ​សមត្ថកិច្ច​ប្រើ​សិទ្ធិ​ការពារ​ខ្លួន​បាញ់​តបត​វិញ បណ្តាលឱ្យ​ជនសង្ស័យ ០១​នាក់​ស្លាប់ និង ០១​នាក់​រងរបួស​។​

​ជនសង្ស័យ​ទាំង ៤​នាក់ ឈ្មោះ នុំ ប៉ា​គុន ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជនជាតិ​ថៃ​, ឈ្មោះ សែ​ប ជី​ឡែ​ង​ស៊ុ​ក ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជនជាតិ​ថៃ​, ឈ្មោះ ណា កូ ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ ជនជាតិ​ថៃ (​រងរបួស​) មេក្លោង​ឧក្រិដ្ឋជន និង​ជា​មុខសញ្ញា​មាន​ដីកា​ស្វែងរក​ចាប់ខ្លួន​ជាច្រើន​ករណី ឃាតករ បាញ់សម្លាប់​ប៉ូលិស​ថៃ និង​មេក្លោង​ជួញដូរ​គ្រឿងញៀន​នៅ​ថៃ​ទៀតផង និង​ឈ្មោះ NATTHAPONG POLKHAN ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជនជាតិ ថៃ​(​ស្លាប់​)​។ ដោយឡែក​វត្ថុតាង​ចាប់បាន គ្រឿងញៀន​សរុប ៤១​គ​.​ក្រ ៩៣២ ក្រាម រួមមាន​៖
-​កេ​តា​មីន​(KETAMINE)​ទម្ងន់ ១២ គ​.​ក្រ ១៨០ ក្រាម​
-​អ៊ិ​ច​ស្តា​ស៊ី​(MDMA)​ទម្ងន់ ២៩ គ​.​ក្រ ៧៥២ ក្រាម​
-​រថយន្ត ២​គ្រឿង
-​អាវុធខ្លី ២​ដើម​៕

​បច្ចុប្បន្ន ជនសង្ស័យ និង​វត្ថុតាង​ចាប់យក​ខាងលើ សមត្ថកិច្ច​ជំនាញ​យើង​បាន កសាង​សំណុំរឿង បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ បន្ត​តាម​នីតិវិធី ៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close