លោក Justin Trudeau​ថ្កោលទោស​យ៉ាងខ្លាំង​ដល់​ការវាយប្រហារ​ដោយ​កាំបិទ​នៅ​ខេត្ត Saskatchewan

​សារព័ត៌មាន AFP បាន​ផ្សាយ​ថា ក្រោយ​ការវាយប្រហារ​ដោយ​កាំបិទ​នៅក្នុង​ខេត្ត Saskatchewan សម្លាប់​មនុស្ស ១០​នាក់​និង​របួស ១៥​នាក់ នៅ​ថ្ងៃទី ៤​ខែកញ្ញា នាយករដ្ឋមន្ត្រី​កាណាដា លោក Justin Trudeau បាន​ថ្កោលទោស​យ៉ាងខ្លាំង ដល់​ការវាយប្រហារ​ខាងលើ ហើយ​លោក​បាន​ចូលរួម​រំលែក​ទុក្ខ​ដល់​គ្រួសារ​ជនរងគ្រោះ​ផងដែរ​។​

​កម្លាំង​ប៉ូលិស​កាណាដា​បានប្រកាស​ឱ្យដឹងថា មាន​មនុស្ស ១០​នាក់​ស្លាប់ និង​១៥​នាក់​រងរបួស នៅក្នុង​ហេតុការណ៍​វាយប្រហារ​ដោយ​កាំបិត​ក្នុង​តំបន់ Saskatchewan ប្រទេស​កាណាដា នា​ថ្ងៃទី​៤​ខែកញ្ញា ។​

​តាម​ការប្រកាស​របស់​ស្នងការ​ប៉ូលិស​កាណាដា (RCMP) បាន​បញ្ជាក់ថា «​យើង​បាន​រកឃើញ​សាកសព​ជនរងគ្រោះ​១០​នាក់​និង​អ្នករងរបួស​ជាច្រើន ក្រោយ​ជនដៃដល់​បាន​ប្រើ​កាំបិត​វាយប្រហារ​ចាក់​មនុស្ស​ជាច្រើន​កន្លែង​នៅក្នុង​ខេត្ត Saskatchewan ភាគ​ខាងលិច​ប្រទេស​កាណាដា​។​

​លោក Rhonda Blackmore មន្ត្រីប៉ូលិស​កាណាដា បានឱ្យដឹងថា យើង​បាន​រកឃើញ​សាកសព​១០​នាក់​នៅក្នុង​តំបន់ James Smith Cree Nation និង​នៅក្នុង​ភូមិ Weldon ភាគ​ខាងជើង​ខេត្ត Saskatoon នៅ​ថ្ងៃទី​៤​ខែកញ្ញា​។ លោក Rhonda Blackmore បញ្ជាក់ទៀតថា អាច​នឹងមាន​អ្នកស្លាប់​បន្តទៀត​ដោយសារ​តែមាន​ករណីរ​បួស​ធ្ងន់​ជាច្រើន​នៅក្នុង​មន្ទីរពេទ្យ​។ ក្នុង​ពេលនេះ​កម្លាំង​ប៉ូលិស​កំពុងតែ​តាម​ចាប់​ជនដៃដល់​ដែល​ប្រើ​កាំបិត​វាយប្រហារ ហើយ​ប៉ូលិស​បានកំណត់​អត្តសញ្ញាណ​រួចរាល់់ គឺ លោក Damien Sanderson និង Myles Sanderson៕


កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close