សហគមន៍ថា ក្នុងខែសីហា បទល្មើសព្រៃឈើក្នុងដែនជម្រកសត្វព្រៃព្រះរការ កើត​មាន​ជាង២០០ករណី

(ព្រះវិហារ) ៖ សហគមន៍ជនជាតិដើមភាគតិចកួយ ភូមិប្រមេរ ឃុំប្រមេរ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ បានសម្ដែងក្ដីព្រួយបារម្ភក្រោយពីឃើញមានបទល្មើសព្រៃឈើនៅក្នុងដែនជម្រកសត្វព្រៃព្រះរការ បន្តកើតឡើងឥតស្រាកស្រានពីមួយថ្ងៃទៅមួយថ្ងៃ។

តាមរយៈការចុះអង្កេតចំនួន០២លើករបស់សហគមន៍ ដែលលើកទី១ធ្វើកាលពីថ្ងៃទី៣០ ខែកក្កដា ដល់ ០២ ខែសីហា និងលើកទី២នៅថ្ងៃទី ២៤ ដល់ ២៧ ខែសីហា សហគមន៍បានរកឃើញបទល្មើសព្រៃឈើកើតឡើងចំនួន២៤៩ករណី ដែលក្នុងនោះមានក្តារបន្ទះបន្សល់ទុកចោលចំនួន ២៨៦សន្លឹក, ឈើតាប់ចំនួន៣១៣សន្លឹក, ប្រទះឃើញរទេះក្របីកំពុងដឹកឈើចំនួន០៣គ្រឿង, គោយន្តចំនួន ០២ គ្រឿងផងដែរ។

មិនតែប៉ុណ្ណោះ សហគមន៍ជនជាតិដើមភាគតិចកួយបានឱ្យដឹងទៀតថា ឈើដែលត្រូវបានកាប់ភាគច្រើនជាប្រភេទឈើ ឈើទាល, ពពេល, គគី, ត្រាច, ដួងចែម, ស្ទៀង, ត្រសេក, ក្រឡាញ់ មានមុខកាត់ចាប់ពី40cm ដល់140cm។ ការរកឃើញនេះ គឺធ្វើឡើងនៅលើចម្ងាយផ្លូវចុះអង្កេតប្រវែង៤២គីឡូម៉ែត្រ។

សហគមន៍មួយនេះ បានសង្កត់ធ្ងន់ថា៖ «ការមិនអើពើដោះស្រាយ និងទុកឱ្យបទល្មើសព្រៃឈើបន្តកើតឡើងនេះ វាមិនឆ្លើយតបទៅនឹងការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលក្នុងការបង្កើនគម្របព្រៃឈើឱ្យបាន៦០ភាគរយត្រឹមឆ្នាំ២០២៩ ដូចមានចែងក្នុងកម្មវិធីព្រៃឈើជាតិ ដែលដាក់ឱ្យអនុវត្តពីឆ្នាំ២០១០ ដល់ ២០២៩។ ព្រមទាំងការប្តេជ្ញាចិត្តនៅក្នុងសន្និសីទអនុសញ្ញាក្របខណ្ឌអង្គការសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុលើកទី២១ (COP21)នៅទីក្រុងប៉ារីស ប្រទេសបារាំង ដែលបានប្តេជ្ញាចិត្តបង្កើនគម្របព្រៃឈើឱ្យបាន៦០ភាគរយដូចគ្នា ត្រឹមឆ្នាំ២០៣០»។

យ៉ាងណាមិញ សហគមន៍ជនជាតិដើមភាគតិចកួយភូមិប្រមេរ នៅតែអំពាវនាវម្ដងហើយម្ដងទៀត ដល់អាជ្ញាធរពាក់ព័ន្ធ ដោយលើកឡើងនូវ ៤ចំណុចធំៗ រួមមាន៖ ១) មេត្តាបញ្ឈប់ការរារាំងសិទ្ធិសេរីភាពក្នុងការចូលរួមចំណែកការពារព្រៃឈើ ធនធានធម្មជាតិរបស់ប្រជាពលរដ្ឋមូលដ្ឋាន ជនជាតិដើមភាគតិច និងសាធារណជនដូចមានចែងក្នុងច្បាប់ស្តីពីតំបន់ការពារធម្មជាតិមាត្រា២១,២៩ និងរដ្ឋធម្មនុញ្ញមាត្រា៣៥។ ២) បើកទូលាយ និងបង្កបរិយាកាសល្អដល់អង្គការសង្គមស៊ីវិល សាធារណជន សហគមន៍មូលដ្ឋានក្នុងការរួមចំណែកធ្វើសកម្មភាពដើម្បីការពារ ថែរក្សា និងអភិរក្សព្រៃឈើ ធនធានធម្មជាតិ ដែលជាសម្បត្តិរួមរបស់យើងទាំងអស់គ្នា។ ៣) ពង្រឹងការអនុវត្តច្បាប់របស់មន្ត្រីមូលដ្ឋានប្រកបដោយប្រសិទ្ធភាព តម្លាភាព និងការទទួលខុសត្រូវ និង៤) បង្កើតយន្តការតាមដានការអនុវត្តច្បាប់របស់មន្ត្រីមូលដ្ឋាន និងដាក់ទោសទណ្ឌបើសិនរកឃើញថាជាប់ពាក់ព័ន្ធនឹងការស៊ីសំណូកជាមួយឈ្មួញខិលខូច។

ពាក់ព័ន្ធនឹងករណីនេះ យើង​មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺពី​លោក សុង ច័ន្ទសុជាតិ ប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារបានទេនៅថ្ងៃនេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close