ចុង​សប្ដាហ៍​ទី​១ ខែកញ្ញា​! កម្ពុជា ទទួលបាន​ភ្ញៀវទេសចរ​ជាង ២០​ម៉ឺន​នាក់​

​ភ្នំពេញ​៖ នា​ថ្ងៃទី​៦ ខែកញ្ញា ឆ្នាំ​២០២២​នេះ ក្រសួងទេសចរណ៍ បានបង្ហាញ​ពី​ស្ថានភាព​ភ្ញៀវទេសចរ​ផ្ទៃ ក្នុង​ប្រចាំ​សប្តាហ៍ ចាប់​ថ្ងៃទី​៣-៤ ខែកញ្ញា ឆ្នាំ​២០២២ មាន​ភ្ញៀវ​សរុប​ចំនួន ២០២,៦៣៦​នាក់ ក្នុងនោះ​ភ្ញៀវ​ជាតិ ១៨៣,២៧៦​នាក់ និង​ភ្ញៀវ​បរទេស​ផ្ទៃក្នុង ១៩,៣៦០​នាក់​។​

​គោលដៅ​ទេសចរណ៍​សំខាន់ៗ រួមមាន​៖
* ខេត្ត​ព្រះសីហនុ ២៩,១៦១​នាក់​
* ខេត្តកំពត ២៨,០២២​នាក់​
* ខេត្តសៀមរាប ២៤,៨៤៩​នាក់​
* ខេត្តបាត់ដំបង ១៧,២៩០​នាក់​
* រាជធានី​ភ្នំពេញ ១៦,៧៧៩​នាក់​
* ខេត្តកណ្តាល ១៤,៥៨៤​នាក់​
* ខេត្តកំពង់ស្ពឺ ១១,៧៦០​នាក់​
* ខេត្ត​កែប ១០,៩១៩​នាក់​។​

​តួលេខ​ខាងលើ មានការ​ថមថយ​ប្រមាណ​៩.៨៥% ធៀប​នឹង​សប្តាហ៍​កន្លងមក ដោយសារ​កត្តា​អាកាសធាតុ​នា​រដូវវស្សា ដែលមាន​ភ្លៀង​ធ្លាក់​ដោយ​កន្លែង និង​ដោយ​អន្លើៗ​។​

​ក្នុង​ការខិតខំ​ប្រឹងប្រែង​ជំរុញ​ចលនា​បរទេស​ផ្ទៃក្នុង ដោយ​ទទួលបាន​ការអនុញ្ញាត​ពី​រាជរដ្ឋាភិបាល គ្រឹះស្ថាន​អង្គរ​សហការ​ជាមួយ​ក្រសួងទេសចរណ៍ និង​អាជ្ញាធរ​ជាតិ​អប្សរា​កំពុង​អនុវត្ត​គោលការណ៍​ថ្មី​របស់​រាជរដ្ឋាភិបាល ដែល​បានអនុញ្ញាត​ផ្តល់ជូន​ដល់​ជនបរទេស​ទាំងអស់​ដែល​បាននិងកំពុង​ស្នាក់នៅ​កម្ពុជា​ចាប់ពី​២​ឆ្នាំ​ទ្បើង​ទៅ រួមមាន មន្ត្រីការទូត វិនិយោគិន មន្ត្រី​ធ្វើការ​នៅ​អង្គការ​អន្តរជាតិ ជនបរទេស​ធ្វើការ​នៅ​ក្រុមហ៊ុន​និង​សហគ្រាស​ឯកជន​គ្រប់​ប្រភេទ អ្នកជំនាញ​ការធ្វើការ​នៅ​ក្រសួង​ស្ថាប័នរដ្ឋ​និង​ឯកជន រួមទាំង​ក្រុមគ្រួសារ​ដែល​បាន​ស្នាក់នៅ​ជាមួយ អាច​ស្នើសុំ​បណ្ណ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ និង​ប្រាសាទ​កោះកែរ​រយៈពេល​មួយឆ្នាំ​ម្តង​ដោយ​មិន​បង់ថ្លៃ ដោយ​អនុវត្ត​ចាប់ពី​ថ្ងៃទី​១ ខែកញ្ញា ឆ្នាំ​២០២២ តទៅ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close