គ្រូបង្រៀន​ប្រមាណ ៨​ពាន់​នាក់ ទទួលបាន​ការពង្រឹង​សមត្ថភាព លើ​បច្ចេកទេស​បង្រៀន​តាមបែប​ឌីជីថល

​តាមរយៈ​គម្រោង USESDP ​គណៈ​គ្រប់គ្រង លោកគ្រូ អ្នកគ្រូ នៃ​វិទ្យាល័យ​ធនធាន និង​វិទ្យាល័យ​បណ្ដាញ ទូទាំងប្រទេស​កម្ពុជា សរុប​ចំនួន ៨ ៤២១​នាក់ ស្រី ៣ ៤៧១​នាក់ បានទទួល​វគ្គ​បណ្ដុះបណ្ដាល​ស្ដីពី ការបង្រៀន​ពី​ចម្ងាយ​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ដែល​ត្រូវបាន​រៀបចំឡើង​ដោយ​នាយកដ្ឋាន​បច្ចេកវិទ្យា​ព័ត៌មាន ក្រសួង​អប់រំ យុវជន និង​កីឡា តាមរយៈ​គម្រោង​អភិវឌ្ឍន៍​វិស័យ​អប់រំ​មធ្យមសិក្សា​ទុតិយភូមិ​ទី​១ (USESDP-I) និង​គម្រោង​អភិវឌ្ឍន៍​វិស័យ​អប់រំ​មធ្យមសិក្សា​ទុតិយភូមិ​ទី​២ (USESDP-II) ដើម្បី​លើកកម្ពស់​សមត្ថ​ភា​ពបុ​គ្គ​លិ​ក​អប់រំ ជាពិសេស​គ្រូបង្រៀន​លើ​ជំនាញ​អប់រំ​ឌីជីថល​។

​វគ្គ​បណ្ដុះបណ្ដាល​នេះ មាន​សារសំខាន់​សម្រាប់​សិក្ខាកាម​ក្នុងការ​ប្រើប្រាស់​បច្ចេកវិទ្យា បម្រើ​ដល់​ការងារ​គ្រប់​គ្រប់ ការងារ​បង្រៀន​តាមបែប​ឌីជីថល ជំនួយ​ដល់​គ្រូបង្រៀន​ក្នុងការ​គ្រប់គ្រង​ថ្នាក់រៀន​ពី​ចម្ងាយ តាមដាន​ការសិក្សា​របស់​សិស្សានុសិស្ស ប្រើប្រាស់​ធនធាន​អប់រំ​ដែលមាន​ស្រាប់​ដើម្បី​បង្កើន​ប្រសិទ្ធភាព​ការបង្រៀន បង្កើន​ភាព​ទាក់ទាញ​ដល់​សិស្សានុសិស្ស​ក្នុង​ការសិក្សា​ស្រាវជ្រាវ​បង្កើត​នូវ​គំនិត​ថ្មីៗ ឆ្លើយតប​ឱ្យបាន​ទាន់ពេល​ចំពោះ​ការរីកចម្រើន​ថ្មី​នៃ​បច្ចេកវិទ្យា​ឌីជីថល​។​

​វគ្គ​បណ្ដុះបណ្ដាល​នេះ បាន​ប្រព្រឹត្តទៅ​ដោយផ្ទាល់ និង​តាម​អន​ឡាញ ដោយមាន​ការចូលរួម​ឧទ្ទេស​ដោយ​គ្រូឧទ្ទេស​មកពី​វិទ្យាស្ថាន​គរុកោសល្យ​រាជធានី​ភ្នំពេញ វិទ្យាស្ថាន​គរុកោសល្យ​បាត់ដំបង វិទ្យាស្ថាន​បច្ចេកវិទ្យា​កំពង់ស្ពឺ វិទ្យាល័យ​ព្រះសីហនុ ខេត្តបាត់ដំបង វិទ្យាល័យ​ព្រះបាទ​សុរា​ម្រឹត​ខេត្តកំពង់ឆ្នាំង សាលា​គរុកោសល្យ និង​វិ​ក្រឹ​ត​ការ​ខេត្តសៀមរាប​។

​ក្នុង​ដំណើរការ​វគ្គ​បណ្ដុះបណ្ដាល មានការ​ស្ទាបស្ទង់​មតិ​មុន​ការចាប់ផ្តើម និង​ក្រោយ​បញ្ចប់​វគ្គ មានការ​រៀបចំ​ប្រឡង​បញ្ចប់​តាម​អន​ឡាញ ផ្តល់​វិញ្ញាបនបត្រ​បញ្ជាក់​ការសិក្សា ដើម្បី​ធានាបាន​នូវ​គុណភាព និង​បញ្ជាក់​ពី​សមត្ថភាព​សិក្ខាកាម​ក្នុងការ​ប្រើប្រាស់​កម្មវិធី​នានា​ដែល​ទទួលបាន​ពី​វគ្គ​បណ្ដុះបណ្ដាល​។​

​ការបណ្ដុះបណ្ដាល នាយក​សាលា គ្រូបង្រៀន លើ​ជំនាញ​អប់រំ​តាមបែប​ឌីជីថល ជាការ​បោះជំហាន ស្របតាម​កំណែទម្រង់​វិស័យ​អប់រំ​តាមបែប​ឌីជីថល ក្របខណ្ឌ​គោលនយោបាយ​សេដ្ឋកិច្ច និង​សង្គម​ឌីជីថល​កម្ពុជា ២០២១-២០៣៥ និង​គោលនយោបាយ​រដ្ឋាភិបាល​ឌីជីថល​កម្ពុជា ២០២២-២០៣៥ របស់​រាជរដ្ឋាភិបាល​កម្ពុជា​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close