កម្ពុជា​-​ថៃ ពង្រឹង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី លើ​វិស័យ​ទេសចរណ៍ និង​បន្ត​បើក​ជើងហោះហើរ​ឡើងវិញ

​ភ្នំពេញ​៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា បាន​បំពាក់​គ្រឿង​ឥស្សរិយយស​សហ​មេត្រី ថ្នាក់​ធិ​ប​ឌិ​ន្ទ ជូន លោក ប៉ាន់​យ៉ា​រ៉ា​ក់ ភូ​ល​ថុ​ប (Panyarak Poolthup) ឯកអគ្គរាជទូត​ថៃ​ប្រចាំ​កម្ពុជា ដែល​បាន​ចប់​អាណត្តិ​បេសកកម្ម​ការទូត នៅក្នុង​ឱកាស​ដែល​លោក​ឯកអគ្គរាជទូត​ចូលជួប​សម្តែង​ការគួរសម​និង​ជម្រាបលា នៅ​ថ្ងៃទី​០៦ កញ្ញា ម្សិលមិញ​។

​ឯកឧត្តម​ឯកអគ្គរាជទូត ប៉ាន់​យ៉ា​រ៉ា​ក់ ភូ​ល​ថុ​ប បាន​ថ្លែងអំណរគុណ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុ​ជាស​ម្រា​ប់​ការផ្តល់​គ្រឿង​ឥស្សរិយយស​នៅពេលនេះ ដែល​ឯកឧត្តម​ចាត់ទុកថា​ជា​កិត្តិយស​ដ៏​ធំធេង​សម្រាប់​រូប​ឯកឧត្តម​ផ្ទាល់ ក៏ដូចជា​សម្រាប់​ក្រុម ការងារ​នៃ​ស្ថាន​ឯកអគ្គរាជទូត​ថៃ​នៅ​ភ្នំពេញ​។​

​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បាន​កោតសរសើរ​ចំពោះ​ការចូលរួមចំណែក​យ៉ាង សកម្ម​របស់លោក​ឯក​អគ្គរាជទូត ក្នុងការ​ពង្រីក និង​ពង្រឹង​ចំណងមិត្តភាព និង​កិច្ចសហប្រតិបត្តិការ​ល្អ​រវាង​ព្រះរាជាណាចក្រ​ទាំងពីរ​នៅលើ​វិស័យ​ជាច្រើន រួមមាន វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម សុខាភិបាល អប់រំ និង​វប្បធម៌ ដោយ​គូសបញ្ជាក់ថា ការបំពាក់​គ្រឿង​ឥស្សរិយយស​នៅពេលនេះ​ជាការ​សបញ្ជាក់​ពី​ការវាយតម្លៃ​ខ្ពស់​របស់​រាជ​រដ្ឋា​ភិ បាល​កម្ពុជា​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់លោក​ឯកអគ្គរាជទូត​។

​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និង​លោក​ឯកអគ្គរាជទូត ប៉ាន់​យ៉ា​រ៉ា​ក់ ភូ​ល​ថុ​ប បានកត់សម្គាល់​ដោយ​ក្តី​រីករាយ​ចំពោះ​ទំនាក់ទំនង​មិត្តភាព​ដ៏​ជិតស្និទ្ធ​រវាង​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំងពីរ ដែលជា​កត្តា​ចម្បង ធានាឱ្យមាន​ការរីកចម្រើន​ជា​លំដាប់​ក្នុង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​លើ​គ្រប់​វិស័យ​។​

​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានលើកឡើង​អំពី​ការកើនឡើង​នូវ​ការផ្លាស់ប្តូរ​ពាណិជ្ជកម្ម ទ្វេភាគី​នៅក្នុង​ឆមាស​ទីមួយ​នៃ​ឆ្នាំនេះ ហើយ​បាន​លើកទឹកចិត្ត​ប្រទេស​ទាំងពីរ ឲ្យ​ស្វែងរក​ឱកាស​ដើម្បី​ពង្រីក​បន្ថែមទៀត​នូវ​កិច្ចសហប្រតិបត្តិការ​ពា​ណិ​ជ្ជ​កម្ម និង​វិនិយោគ​ទ្វេភាគី​។

​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី បានកត់សម្គាល់​ដោយ​សេចក្តី​រីករាយ​ចំពោះ​ការវិលត្រឡប់​ទៅរក​ស្ថានភាព​ជាធម្មតា ដូច​កាលពីមុន​ជំងឺ​កូ​វីដ​-១៩ របស់​ប្រទេស​ទាំងពីរ និង​ការបន្ត​ជើងហោះហើរ​ឡើងវិញ ដែល​នឹង​បង្កើត​លក្ខខណ្ឌ​អំណោយផល​សម្រាប់​គោលបំណង​នេះ​។ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ក៏បាន​លើកទឹកចិត្ត​ប្រទេស​ទាំងពីរ ឲ្យ​ព​ន្លឿ​ន​ការបញ្ចប់​ឯកសារ​មួយចំនួន ដែល​មិនទាន់​សម្រេចបាន​នៅឡើយ​។

​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី និង​លោក​ឯកអគ្គរាជទូត ក៏បាន​ពិភាក្សា​ផងដែរ​អំពី​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​លើ​វិស័យ​ទេសចរណ៍ អប់រំ វប្បធម៌ និង​ការប្រយុទ្ធ​ប្រឆាំងនឹង​ការជួញដូរ​មនុស្ស បានកត់សម្គាល់​ដោយ​ក្តី​សោមនស្ស ចំពោះ​ការរៀបចំ​របស់​ប្រទេស​ទាំងពីរ​សម្រាប់​ការបន្ត​កិច្ចចរចា​លើ​តំបន់​ទាមទារ​ដែល​ត្រួតស៊ីគ្នា​។​

​ឯកឧត្តម​ឧបនាយករដ្ឋមន្ដ្រី ប្រាក់ សុខុន បាន​ថ្លែងអំណរគុណ​ចំពោះ​រាជរដ្ឋាភិបាល​ថៃ សម្រាប់​ជំនួយ​អភិវឌ្ឍន៍​ដែល​បានផ្តល់​ដល់​កម្ពុជា រួមមាន អាហារូបករណ៍ វគ្គ​បណ្តុះបណ្តាល​នានា ក៏ដូចជា​ជំនួយ​និង​ការយកចិត្តទុកដាក់​ដ​ល់​ពលករ​ខ្មែរ​ធ្វើការ​នៅក្នុង​ប្រទេស​ថៃ​ផងដែរ​។​

​ឯកឧត្តម​ឧបនាយករដ្ឋមន្ដ្រី បាន​វាយតម្លៃ​ខ្ពស់ ចំពោះ​ការគាំទ្រ​របស់​ប្រទេស​ថៃ​ដល់​តួនាទី​ជា​ប្រធាន​អាស៊ាន​របស់​កម្ពុជា​, កិច្ចខិតខំ​ប្រឹងប្រែងរ​ប​ស់លោក​ឧបនាយករដ្ឋមន្ត្រី​ក្នុងនាម​ជា​ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន ស្តីពី​មី​យ៉ាន់​ម៉ា និង​ការធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​លើក​ទី​៥៥ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ ប្រកបដោយ​ជោគជ័យ នៅ​ដើមខែ​សីហា ឆ្នាំ ២០២២​នេះ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close