ប្រធានាធិបតីរុស្ស៊ី ត្រួតពិនិត្យការធ្វើសមយុទ្ធយោធាអន្តរជាតិ
អ្នកនាំពាក្យវិមានក្រឹមឡាំង នៅថ្ងៃអង្គារនេះ បានឱ្យដឹងថា ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន បានធ្វើទស្សនកិច្ច ដើម្បីចុះពិនិត្យការធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំ នៅឯភាគខាងកើតប្រទេស ដែលមានការចូលរួមពីវត្តមានកងទ័ពចិន ក៏ដូចជា យោធាមកពីបណ្តាប្រទេសជាមិត្តរបស់រុស្ស៉ីមួយចំនួនទៀត។
សមយុទ្ធយោធា Vostok-2022 បានចាប់ផ្តើមប្រព្រឹត្តទៅកាលពីថ្ងៃទី១ ខែកញ្ញា ស្របពេលសង្គ្រាមរបស់រុស្ស៉ីកំពុងតែបន្តនៅអ៊ុយក្រែន និងចំគ្រាដែលទីក្រុងមូស្គូនិងទីក្រុងប៉េកាំង សុទ្ធតែកំពុងប្រឈមភាពតានតឹងជាមួយសហរដ្ឋអាមេរិកដូចគ្នា។ លោក ឌីមីទ្រី ប៉េស្កូវ (Dmitry Peskov) អ្នកនាំពាក្យវិមានក្រឹមឡាំង បានប្រាប់ថា លោក ពូទីន បានធ្វើដំណើរទៅកាន់ទីលានសមយុទ្ធយោធា សឺហ្គីវស្គី (Sergeevski) នៅថ្ងៃអង្គារនេះ ដើម្បីជួបជាមួយរដ្ឋមន្ត្រីការពារជាតិ លោក សឺហ្គៃ សូយហ្គូ (Sergei Shoigu) និងនាយសេធានាធិការ លោក វ៉ាឡឺរី ហ្គើរ៉ាស៊ីម៉ូវ (Valery Gerasimov) ក៏ដូចជាដើម្បីពិនិត្យដំណាក់កាលចុងក្រោយ នៃសមយុទ្ធ Vostok។
គួរបញ្ជាក់ថា លោក Gerasimov បានដឹកនាំដោយផ្ទាល់ នូវការធ្វើលំហាត់យោធានានា កំលុងសមយុទ្ធនេះ ដែលមានការចូលរួមពី កងទ័ពរបស់ប្រទេសមួយចំនួន ដែលធ្លាប់ជាផ្នែកនៃអតីតសហភាពសូវៀត ព្រមទាំងមកពីចិន ឥណ្ឌា ឡាវ ម៉ុងហ្គោលី នីការ៉ាហ្កា និងស៊ីរី ផងដែរ។ សមយុទ្ធ Vostok-2022 មានកងទ័ពចម្រុះជាតិសាសន៍ចូលរួមសរុបជាង ៥០,០០០នាក់ និងបរិក្ខារយោធាច្រើនជាង ៥,០០០គ្រឿង ក្នុងនោះរួមមានយន្តហោះ១៤០គ្រឿង និងនាវា៦០គ្រឿង ហើយធ្វើឡើងនៅតាមទីលានសមយុទ្ធមួយចំនួន ស្ថិតក្នុងតំបន់ចុងបូព៌ា និងនៅលើដែនទឹកក្បែរឆ្នេរភាគខាងកើតនៃប្រទេសរុស្ស៉ី។ សមយុទ្ធយោធានេះ នឹងបិទបញ្ចប់ទៅវិញ នៅត្រឹមថ្ងៃពុធស្អែក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។