Apple បើកបង្ហាញទូរសព្ទ iPhone 14 ជំនាន់ថ្មី នាថ្ងៃនេះហើយ
នៅថ្ងៃទី០៧ខែកញ្ញានេះ ពិភពលោកទាំងមូល ជាពិសេសអ្នកប្រើប្រាស់ដែលនិយមគាំទ្រផលិតផលរបស់ក្រុមហ៊ុន
Apple នឹងបានឃើញពីមុខមាត់និងរូបរាងរបស់ទូរសព្ទជំនាន់ថ្មីនៃក្រុមហ៊ុននេះ គឺទូរសព្ទ iPhone ជំនាន់ទី១៤។ ក្រៅពីទូរសព្ទ iPhone14 ក្រុមហ៊ុន Apple ក៏នឹងបង្ហាញពីនាឡិកា Apple Watch 8, Apple Watch 8 Pro, Apple Watch SE2 និងកាសសម្រាប់ស្ដាប់ AirPods Pro 2 ផងដែរ។
នេះគឺជាកម្មវិធីដ៏ធំបំផុតមួយរបស់ក្រុមហ៊ុន Apple នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ តាមរយៈការបើកបង្ហាញនូវផលិតផលថ្មីៗជាច្រើន។
ក្រុមហ៊ុន Apple តាំងពីដើមមក ត្រូវគេសង្កេតឃើញថា មានការលាក់ការណ៍សម្ងាត់មែនទែនចំពោះផលិតផលថ្មីៗរបស់ខ្លួន។ ប៉ុន្តែបើតាមពាក្យចចាមអារាមដែលគេដឹងកន្លងមក គេរំពឹងថានឹងមានការអភិវឌ្ឍតិចតួចចំពោះទូរសព្ទជំនាន់ថ្មី iPhone 14 ប៉ុន្តែចំពោះទូរសព្ទ iPhone 14 Pro វិញ នឹងមានការផ្លាស់ប្ដូរ និងអភិវឌ្ឍច្រើនជាងមុខ។
ចំពោះនាឡិកា Apple Watch ជំនាន់ថ្មីវិញ ក្រុមហ៊ុន Apple ទំនងជាធ្វើបច្ចុប្បន្នភាពសមត្ថភាពរបស់វា ឲ្យធន់ជាងមុន ស័ក្តិសមសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ ទោះជាហាលក្ដៅ ហាលភ្លៀងក្ដី ខណៈកាស AirPods Pro 2 វិញ អាចនឹងមានសមត្ថភាពប្រសើរជាងមុន ជាពិសេសគឺមុខងារម៉ៃក្រូហ្វូនស្រូបសំឡេងនៅពេលនិយាយឆ្លើយឆ្លងដោយប្រើកាស៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។