ព្រោះតែរឿងពាក់មួកចូលបន្ទប់ទឹក កើតជាទំនាស់ ផ្ទុះអាវុធ១គ្រាប់បណ្ដាលឱ្យសន្តិសុខម្នាក់រងរបួសធ្ងន់ នៅក្នុងធនាគារ CIMB
(ភ្នំពេញ) ៖ បុរសជាសន្តិសុខយាមនៅក្នុងធនាគារ CIMB bank ត្រូវបានកម្លាំងអង្គរក្សយាមនៅធនាគារដូចគ្នាបាញ់មួយគ្រាប់បណ្ដាលឱ្យរងរបួសព្រោះតែទាស់សម្ដីគ្នារឿងពាក់មួកចូលបន្ទប់ទឹក។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១និង៣០នាទីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២២ នៅក្នុងធនាគារ CIMB Bank ដែលស្ថិតនៅតាមបណ្ដោយផ្លូវលេខ៥១៦ ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ជនសង្ស័យជាអ្នកបង្កហេតុឈ្មោះ លន់ ជីវ័ន ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរនគរបាល និងជាសន្តិសុខក្រុមហ៊ុន Safeguards Cambodia Co.Ltd យាមគោលដៅធនាគារ CIMB។ ពេលធ្វើសកម្មភាពរួចជនដៃដល់បានគេចខ្លួនបាត់ ។ ចំណែកជនរងគ្រោះ មានឈ្មោះ ឃុន វន ភេទប្រុស អាយុ៤៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ សន្តិសុខក្រុមហ៊ុន IG security យាមនៅធនាគារ CIMB ។
យោងតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថា ជនរងគ្រោះនិងជនសង្ស័យជាអ្នកធ្វើការយាមនៅ ធនាគារ CIMB ដូចគ្នា។ ចំពោះមូលហេតុរហូតមានការផ្ទុះអាវុធនេះគឺដោយសារជនរងគ្រោះជាសន្តិសុខពាក់មួកចូលបន្ទប់ទឹក ហើយមន្ត្រីនគរបាលដែលយាមនៅទីនោះដែរឱ្យជនរងគ្រោះដោះមួកចេញ តែជនរងគ្រោះមិនដោះក៏ផ្ដើមជាទំនាស់ពាក្យសម្ដីគ្នារហូតធ្វើឱ្យមន្ត្រីនគរបាលផ្ទុះអាវុធមួយគ្រាប់បណ្ដាលឱ្យជនរង គ្រោះ(ឃុន វន)រងរបួសភ្លៅខាងស្ដាំ និងបានបញ្ជូនទៅសង្គ្រោះភ្លាមៗ។
ក្រោយពេលកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋានខណ្ឌទួលគោកបានចុះដល់ទីតាំងកើតហេតុធ្វើការសួរនាំ រួចលោក អធិការខណ្ឌទួលគោកបានដឹកនាំកម្លាំងទៅវិញយ៉ាងលឿនដើម្បីបន្តធ្វើការស្រាវជ្រាវរកជនសង្ស័យយកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។