សម្តេច​តេ​ជោ ហ៊ុន សែន អនុញ្ញាតឱ្យ​ប្រធាន​វិទ្យាស្ថាន​យុទ្ធសាស្ត្រ KSI ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ជួប​សម្តែង​ការគួរសម

​ភ្នំពេញ​៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ​លោក តាន់ ស្រ៊ី មី​ឆែ​ល យ៉េ​វ (Tan Sri Michael Yeoh) ប្រធាន​វិទ្យាស្ថាន​យុទ្ធសាស្ត្រ KSI ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សារ​ការងារ នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​០៨ ខែកញ្ញា ឆ្នាំ​២០២២ នៅ​វិមាន​សន្តិភាព​។

​លោក យ៉េ​វ បាន​គោរព​សម្ដែង​នូវ​ការអបអរសាទរ​ជូន​ចំពោះ​សម្ដេច​តេ​ជោ ដែល​កំពុង​ទទួលបាន​ជោគជ័យ​ក្នុងការ​ដឹកនាំ​អាស៊ាន ក្នុងនាម​ជា​ប្រធាន​អាស៊ាន និង​ទទួលបាន​ជោគជ័យ​ក្នុងការ​ដឹកនាំ​កម្ពុជា ទទួលបាន​សុខសន្តិភាព និង​ស្ថេរភាព ធ្វើ​ឲ្យ​កម្ពុជា​ជា​កន្លែង​ទាក់ទាញ​ប្រកបដោយ​សក្ដានុពល សម្រាប់​ការវិនិយោគ ដែលជា​កត្តា​នាំ​ឲ្យ​កម្ពុជា​មានការ​អភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស ។​

​លោក យ៉េ​វ បាន​គោរព​ជម្រាបជូន​សម្ដេច​តេ​ជោ​ថា បំណង​របស់លោក មកកាន់​ព្រះរាជាណាចក្រ​កម្ពុជា នៅពេលនេះ
​គឺ​ទី​១-​គោរព​សុំ​ការគាំទ្រ និង​អនុញ្ញាត​ចាប់ផ្ដើម​ដំណើរការ​ក្លឹប​សេដ្ឋកិច្ច​អាស៊ាន ដែលមាន​ទិសដៅ​ជា​ចម្បង គឺ​ចូលរួមចំណែក​ជួយផ្ដល់​ធាតុ​ចូលដល់​អាស៊ាន ជា​ស្ពាន​រវាង​អាស៊ាន និង​ស្ថាប័ន និង​វិស័យ​ផ្សេងៗ ។ ទី​២- សុំ​ការគាំទ្រ លើ​គំនិត​ផ្ដួចផ្ដើម​ឱ្យមាន​តំបន់​សេដ្ឋកិច្ច​បៃតង​នៅ​កម្ពុជា និង​ការបង្កើត​មូលនិធិ​អភិវឌ្ឍន៍​កម្ពុជា ដែល​មូលនិធិ​នេះ សម្រាប់​ការអភិវឌ្ឍ​ធនធានមនុស្ស ជាពិសេស​លើ​វិស័យ​អាយ​ធី (IT) បញ្ញា​សិប្ប​និ​មិ្ម​ត​។​

​ជាការ​ឆ្លើយតប សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ស្វាគមន៍ និង​គាំទ្រ​លើ​ការបង្កើត និង​ចាប់ផ្ដើម​ដំណើរការ​របស់​ក្លឹប​សេដ្ឋកិច្ច​អាស៊ាន ។ សម្ដេច​តេ​ជោ​បានផ្ដល់​អនុសាសន៍​ថា បន្ថែម​ទៅលើ​អ្វីដែល​ក្លឹប​សេដ្ឋកិច្ច​អាស៊ាន​ចង់​ធ្វើ គួរ​ពិចារណា​ចូលរួមចំណែក​លើ​ការពិនិត្យ វាយតម្លៃ និង​ផ្ដល់​ធាតុ​ចូលដល់​អាស៊ាន​ផង និង​ផ្សព្វផ្សាយ​លទ្ធផល​ការងារ​របស់​អាស៊ាន​ផង​។

​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី ក៏បាន​គាំទ្រ​កិច្ច​ផ្ដួចផ្ដើម​បង្កើត​មូលនិធិ​អភិវឌ្ឍន៍​កម្ពុជា​ផងដែរ ។ ដោយឡែក​កិច្ច​ផ្ដួចផ្ដើម​ឱ្យមាន​តំបន់​សេដ្ឋកិច្ច​បៃតង សម្ដេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា គំនិត​នេះ គឺ​ស្ថិតនៅក្នុង​សំណើរ​របស់​កម្ពុជា លើក​ទៅ​អាស៊ាន​កន្លងមក នោះ គឺ​សំណើ​ឱ្យមាន​កិច្ចព្រមព្រៀង​បៃតង​អាស៊ាន ៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close