អាជ្ញាធរខេត្តព្រះសីហនុចុះអនុវត្តសេចក្តីសម្រេចតុលាការកំពូល រុះរើផ្ទះពលរដ្ឋ៣គ្រួសារនៅសង្កាត់អូរត្រេះ ដែលមានទំនាស់ដីធ្លីជិត៣០ឆ្នាំ
(ព្រះសីហនុ) ៖ ទីបំផុតទៅអាជ្ញាធរខេត្តព្រះសីហនុ កាលពីព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២ បានដឹកនាំកម្លាំងចុះធ្វើការរុះរើផ្ទះប្រជាពលរដ្ឋចំនួន៣គ្រួសារ ស្ថិតនៅសង្កាត់អូរត្រេះ ស្រុកស្ទឹងហាវ ក្នុងជម្លោះដីធ្លីជិត៣០ឆ្នាំ ខណៈពលរដ្ឋទាំងនោះអះអាងថា ដីធ្លីដែលគាត់រស់នៅនេះ គឺតាំងពីកំឡុងសម័យសង្រ្គាមមកម្ល៉េះ។
បើយោងតាមលិខិតស្នើអន្តរាគមន៍របស់ពលរដ្ឋទាំង៣គ្រួសារ និយាយថា ពួកគាត់ រួមជាមួយ១៦គ្រួសារផ្សេងទៀតបានមកតាំងទីលំនៅនៅដីខាងលើតាំងពីតំបន់នេះនៅមានខ្មែរក្រហមឈរជើងនៅឡើយ ពោលគឺចាប់តាំងពីឆ្នាំ១៩៩២មក។ ប៉ុន្តែស្រាប់តែនៅឆ្នាំ២០០៨ ក៏មានឈ្មោះ ប៉ុន សារឿន បានយកកិច្ចសន្យាទិញលក់ដីធ្លី ពីឈ្មោះ គឹម ចាន់នី ហើយឈ្មោះ គឹម ចាន់នី បានទិញដីពីឈ្មោះ នី សាវ៉ុន នៅឆ្នាំ១៩៩៤។ ពលរដ្ឋទាំង៣គ្រួសារអះអាងថា បើយោងតាមប័ណ្ណកម្មសិទ្ធិនោះ គឺមិនស្ថិតនៅលើដីរបស់ពួកគាត់ដែលរស់នៅនោះទេ ពោលគឺស្ថិតនៅកន្លែងផ្សេង។
យ៉ាងណាក៏ដោយ បើតាមការបញ្ជាក់ពីសាលាដំបូងខេត្តព្រះសីហនុថា ករណីនេះ ខ្លួនបានឱ្យជំនាញចុះធ្វើការស្រាវជ្រាវ និងពិនិត្យទីតាំងចំនួន៣ដងរួចមកហើយ និងបានបញ្ជាក់ថា ទីតាំងដីដែលភាគីម្ខាងទៀតកំពុងទាមទារ គឺស្ថិតនៅក្នុងទីតាំងដែលត្រូវអនុវត្តពិតប្រាកដមែន។
យ៉ាងណាក៏ដោយចំពោះករណីនេះ មានមហាជនជាច្រើនបានសម្តែងនូវមតិតាមរយៈបណ្តាញសង្គម ដោយខ្លះថា ប្រជាពលរដ្ឋរស់នៅលើដីរបស់ខ្លួនតាំងពីឆ្នាំ១៩៩២ អស់រយៈពេលប្រមាណ៣០ឆ្នាំទៅហើយ ប៉ុន្តែនៅតែមិនអាចការពារដីរបស់ខ្លួនបាន ខណៈដែលដីធ្លីនៅតំបន់នោះកំពុងតែមានតម្លៃ។
ចំពោះករណីនេះ យើងមិនទាន់អាចស្វែងរកការបំភ្លឺពីអាជ្ញាធរ និងសមត្ថកិច្ចប្រតិបត្តិការបាននៅឡើយទេនៅថ្ងៃនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។