អ្នកស្លាប់​ដោយ​ឆេះ​ហាង​ខា​រា​អូ​ខេ​នៅ ប៊ិ​ញ​យ៉ង​កើនឡើង​៣៣​នាក់​

ករណី​ឆេះ​ហាង​ខា​រា​អូ​ខេ នៅ​ទីក្រុង​ប៊ិន​យឿ​ង មកទល់ពេលនេះ​មាន​អ្នកស្លាប​កើនឡើង ៣៣​នាក់​ហើយ ។ នោះ​ជាស​ញ្ញា​ប្រកាសអាសន្ន​ដ៏​ធំ​មួយ​ដល់​ការគ្រប់គ្រង តាមដាន និង​ដំណើការ​ហាង​ខា​រា​អូ​ខែ ឲ្យ​កាន់តែ​ល្អ​ជាង​នេះ​។​

​នៅក្នុង​សន្និសីទកាសែត​នា​ថ្ងៃទី ៨​ខែកញ្ញា មន្ទីរ​សុខាភិបាល​ខេត្ត​ប៊ិ​ញ​យឿ​ង​បាន​ឲ្យ​ដឹងថា មាន​អ្នករងរបួស​ធ្ងន់​៤​នាក់ កំពុងស្ថិត​នៅក្នុង​ដំណាក់កាល​សង្គ្រោះបន្ទាន់ ក្នុងនោះ​មាន​២​នាក់​ស្ថិតនៅក្នុង​ភាពគ្រោះថ្នាក់​ដល់​ជិត​វិត​។​

​អគ្គិភ័យ​បាន​ឆាបឆេះ​ជាន់​ទី​២ របស់​អគារ KTV ខាងលើ កាលពី​យប់​ថ្ងៃទី​៦​ខែកញ្ញា ហើយ​ធ្វើឱ្យ​ភ្ញៀវ​និង​បុគ្គលិក​ជាច្រើន​នាក់ ត្រូវ​ជាប់​ខ្លួន ដោយ​រត់​ចេញមកក្រៅ​មិនកើត ខណៈដែល​ភ្លើង​និង​ផ្សែង​បាន​បិទ​ខ្ទប់​កាំជណ្តើរ រួម​និង​ច្រកចេញ ។​

​គេហទំព័រ Cong An Nhan Dan ដែលជា​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្លូវការ​របស់ ក្រសួង​សន្តិសុខ​សាធារណៈ​វៀតណាម បាន​រាយការណ៍​ថា ចំនួន​មនុស្ស​ស្លាប់​ក្នុងករណី​ឆេះ​អគារ​កា​រ៉ា​អូ​ខេ​ខាងលើ បាន​កើន​ដល់​ចំនួន​៣៣​នាក់ ក្នុងនោះ​មាន​បុរស​១៧​នាក់ និង​នារី​១៥​នាក់​។ បើតាម​អាជ្ញាធរ​វៀតណាម មូលហេតុ​នៃ​គ្រោះ​អគ្គិភ័យ ត្រូវបាន​សន្និដ្ឋាន​ជាបឋម​ថា បណ្តាលមកពី​បញ្ហា​ទុសេ​ខ្សែភ្លើង​។​

​ខាងលើ​ជា​ករណី​គ្រោះ​អគ្គិភ័យ​ដែល​សម្លាប់​មនុស្ស​ច្រើន​បំផុត នៅក្នុង​ប្រទេស​វៀតណាម គិត​មកទល់​ត្រឹម​ពេលនេះ​។ កាលពី​ឆ្នាំ​២០១៨ ករណី​ភ្លើង​ឆេះ​អគារ​ស្នាក់នៅ​មួយកន្លែង នៅ​ទីក្រុង​ហូជីមិញ បាន​ផ្តាច់ជីវិត​មនុស្ស​១៣​នាក់ ខណៈ​កាលពី​ឆ្នាំ​២០១៦ មនុស្ស​១៣​នាក់​បាន​ស្លាប់ ក្នុង​ហេតុការណ៍​ឆេះ KTV នៅ​រដ្ឋធានី​ហាណូយ​។ រីឯ​កាលពី​ខែសីហា​កន្លងទៅនេះ ភ្នាក់ងារ​ពន្លត់​អគ្គិភ័យ​៣​នាក់ បាន​បាត់​បង់ជីវិត ក្រោយ​ព្យាយាម​ពន្លត់ភ្លើង នៅឯ​ហាង​កា​រ៉ា​អូ​ខេ​មួយកន្លែង ក្នុង​ទីក្រុង​ហាណូយ​៕


កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close