ចាប់ខ្លួនជនសង្ស័យទាំង៣នាក់ ដែលពូកែធ្វើសកម្មឆក់នៅក្នុងក្រុងប៉ោយប៉ែត
(បន្ទាយមានជ័យ) ៖ ជនសង្ស័យក្នុងសកម្មភាពឆក់ដ៏សកម្មនៅក្នុងភូមិសាស្រ្តក្រុងប៉ោយប៉ែត ត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួនបានចំនួន៣ ក្រោយធ្វើសកម្មភាពឆក់ទៅលើបុគ្គលិកកាស៊ីណូម្នាក់ នៅចំណុចនៅមុខអាហារដ្ឋានវ៉ាយ ស្ថិតក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២កន្លងទៅនេះ។
លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែតបានប្រាប់ឲ្យដឹងថា ករណីឆក់នេះ មានជនរងគ្រោះឈ្មោះផន សិលា ភេទស្រី អាយុ២១ឆ្នាំ មុខរបរបុគ្គលិកកាសុីណូ បច្ចុប្បន្នស្នាក់នៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានជិះម៉ូតូក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានជនសង្ស័យចំនួន៤នាក់ជិះម៉ូតូចំនួន២គ្រឿង មកពីក្រោយជនរងគ្រោះគឺស្រមទិសគ្នា បានធ្វើសកម្មភាពឆក់កាបូបតែពុំបានសម្រេច ហើយម៉ូតូជនសង្ស័័យដែលធ្វើសកម្មភាពឆក់នោះម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២២ ពាក់ផ្លាក់លេខ1X-6454 បន្ទាយមានជ័យ បើកបរដោយឈ្មោះផេង ភេទប្រុស (គេចខ្លួន) និងឈ្មោះញ៉ា ភេទប្រុស ជិះពីក្រោយជាអ្នកឆក់ (គេចខ្លួន) ក៏ជ្រុលទៅបុកគូទឡានចត បណ្ដាលអោយដួលរត់ចោលម៉ូតូ។ ចំណែកម៉ូតូ១គ្រឿងទៀតម៉ាកហុងដាហ្សូម័អិច ពណ៌ទឹកក្រូច-ស បើកបរដោយឈ្មោះម៉ុន ផានិត ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរបុគ្គលិកកាសុីណូបច្ចុប្បន្នស្នាក់នៅមណ្ឌលប្រាំបួនភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ (ឃាត់ខ្លួន) និងឈ្មោះណាន ថៃហៀង ភេទប្រុស មុខរបរគ្នាន បច្ចុប្បន្នរស់នៅភូមិក្បាលស្ពាន២ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជិះពីក្រោយ (ឃាត់ខ្លួន)។
លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែតបានបន្តឲ្យដឹងទៀតថា ក្រោយពីកម្លាំងរបស់លោកទទួលបានដំណឹងហើយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលប៉ោយប៉ែត បានចុះទៅដល់កន្លែងកើតហេតុ ហើយក៏ប្រទះឃើញមុខសញ្ញាជនសង្ស័យចំនួន២នាក់ ជិះម៉ូតូម៉ាកហុងដាហ្សូម័អិចមកក្បែរកន្លែងកើតហេតុ ទើបកម្លាំងធ្វើការឃាត់ខ្លួន រួមទាំងម៉ូតូចំនួន២គ្រឿងខាងលើ យកមកសាកសួរ នៅចំពោះមុខសមត្ថកិច្ច ឈ្មោះម៉ុន ផានិត និងឈ្មោះណាន ថៃហៀង បានឆ្លើយសារភាពថាខ្លួននិងបក្សពួកចំនួន២នាក់ទៀតពិតជាបានធ្វើសកម្មភាពឆក់កាបូបជនរងគ្រោះពិតប្រាកដមែន។ លុះរហូតដល់វេលាម៉ោង១០ៈ០០នាទី ថ្ងៃខែឆ្នាំដដែល កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលប៉ោយប៉ែត បានធ្វើការស្រាវជ្រាវ និងបានកំណត់មុខសញ្ញាឃើញថា ឈ្មោះ ខេង លាភហេង ហៅផេង ភេទប្រុស ជាអ្នកបើកបរ ម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២២ ពាក់ផ្លាក់លេខ 1X-6454 បន្ទាយមានជ័យ ស្នាក់នៅបន្ទប់ជួល ខាងកើតវត្ដត្រាច ភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្ដបន្ទាយមានជ័យ ភ្លាមនោះកម្លាំងបានសហការណ៍ជាមួយ ប៉ុស្ដិ៍នគរបាលរដ្ឋបាលអូរជ្រៅ ចុះទៅដល់បន្ទប់ របស់ឈ្មោះ ខេង លាភហេង ហៅ ផេង និងបានធ្វើការឃាត់ខ្លួនយកមកសួរនាំ ហើយឈ្មោះខេង លាភហេង បានឆ្លើយសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាព ឆក់កាបូបជនរងគ្រោះនៅមុខ អាហារដ្ឋាន វ៉ាយ មែន។
លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែតបានបញ្ជាក់ទៀតថា ជនរងគ្រោះសូមស្នើអោយសមត្ថកិច្ចចាត់ការជនសង្ស័យទៅតាមនីតិវិធីកម្លាំងជំនាញស្នើសុំឃាត់ខ្លួនជនសង្ស័យទាំង៣នាក់ដើម្បីកសាងសំណុំរឿងបញ្ជូមតាមនីតិវិធី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។