សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ជួប​សំណេះសំណាល ជាមួយ​ប្រជាពលរដ្ឋ​ស្ម័គ្រចិត្ត​រើ​សំណង់​ចេញពី​តំបន់​រមណីយដ្ឋាន​អង្គរ​

សៀមរាប៖ ​នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​១៣ ខែកញ្ញា ឆ្នាំ​២០២២​នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​ដែល​បាន​ស្ម័គ្រចិត្ត​រើ​លំនៅឋាន និង​សំណង់​ផ្សេងៗ​ចេញពី​តំបន់​រមណីយដ្ឋាន​អង្គរ និង​តំបន់​ដទៃទៀត ស្ថិតក្រោម​ការគ្រប់គ្រង​របស់​អាជ្ញាធរ​ជាតិ​អប្សរា​។

​កិច្ច​សំណេះសំណាល​នេះ នឹងធ្វើ​ឡើង​នៅ​ឃុំ​រុន​តា​ឯក ស្ថិត​ក្នុងស្រុក​បន្ទាយស្រី ខេត្តសៀមរាប ដែលជា​ទីតាំង​ដែល​រាជរដ្ឋាភិបាល​ផ្តល់​ដី​ជូន​ពលរដ្ឋ​ជា​ថ្នូរ​នឹង​ការរុះរើ​សំណង់​ចេញពី​តំបន់​រមណីយដ្ឋាន​អង្គរ និង​តំបន់​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​អាជ្ញាធរ​ជាតិ​អប្សរា​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​អរគុណ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ដែល​ព្រម​រុះរើ​សំណង់​ចេញពី​តំបន់​រមណីយដ្ឋាន​អង្គរ និង​អរគុណ​ដល់​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា សម្រាប់​ការដឹកនាំ​ការងារ​នេះ​។ សម្តេច​តេ​ជោ​បាន​មានប្រសាសន៍​តំបន់​រមណីយដ្ឋាន​អង្គរ​របស់​យើង សម្តេចព្រះ​បរម​រតន​កោដ្ឋ នរោត្តម សីហនុ ព្រះអង្គ​បាន​យក​ព្រះទ័យ​ទុកដាក់​ខ្លាំងណាស់ ជាពិសេស​លើ​ព្រះរាជ​កិច្ចការពារ និង​ថែរក្សា​។ ព្រះអង្គ​បាន​ផ្តួចផ្តើម​ព្រះ​បញ្ញាញាណ​ដោយផ្ទាល់ ក្នុងការ​ស្នើ​ដាក់​តំបន់​រមណីយដ្ឋាន​អង្គរ​ក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក ហើយ​សម្ដេច​បាន​គាំទ្រ​ទាំងស្រុង​។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍​ទៀតថា តំបន់​រមណីយដ្ឋាន​អង្គរ​ពេល​ដាក់ចូល​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​នៅ​ឆ្នាំ​១៩៩២​ហើយ​នោះ ត្រូវតែ​អនុវត្តន៍​តាម​លក្ខន្តិកៈ​ទាំងឡាយ​កំណត់ដោយ​អង្គការ​យូណេស្កូ​។​សម្តេច​តេ​ជោ​បាន​មានប្រសាសន៍ថា ការរៀបចំ​តំបន់​រមណីយដ្ឋាន​អង្គរ ជា​កិច្ចការ​ចាំបាច់​សម្រាប់​កា​ររ​ក្សា​សម្បត្តិ​វប្បធម៌​របស់​ដូនតា​យើង​។​

​នៅថ្ងៃនេះ សម្តេច​តេ​ជោ ហ៊ុន សែន ណែនាំ​ឱ្យ​កងទ័ព​ឱ្យជួយ​ដឹកជញ្ជូន​សម្ភារៈ​ប្រជា​ពល​ដែល​រដ្ឋ​រុះរើ​ពី​តំបន់​រមណីយដ្ឋាន​អង្គរ មកកាន់​ភូមិ​ធម្មជាតិ​រុន​តា​ឯក​។ សម្តេច​តេ​ជោ ក៏បាន​ប្រកាស​ឧបត្ថម្ភ​ដល់​ប្រជាពលរដ្ឋ​ព្រម​រុះរើ​សំណង់​ទាំង ១,១១៧​គ្រួសារ រួមមាន​អង្ករ ៥០​គីឡូក្រាម មី ៦​កេស​តូច ត្រីខ ១​កេស​ធំ ថវិកា ២០​ម៉ឺន​រៀល និង​ឧបត្ថម្ភ​ថវិកា​សម្រាប់​ការរុះរើ​ផ្ទះ ១​លាន​រៀល​។ សម្តេច​តេ​ជោ ហ៊ុន សែន ប្រកាស​ឧបត្ថម្ភ​ស័ង្កសី​ជូន​ពលរដ្ឋ​មួយ​គ្រួសារ ៣០​សន្លឹក និង​ថវិកា​សម្រាប់ធ្វើ​បង្គន់​អនាម័យ​ចំនួន​២០​ម៉ឺង​រៀល​។

​សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​ប្រកាស​ផ្តល់​បណ្ណ​សមធម៌​(​ប័ណ្ណ​ក្រីក្រ​) និង​ដល់​ស្ត្រី​មាន​ផ្ទៃពោះ ជូន​ដល់​ពលរដ្ឋ​ទាំងអស់ ដែល​យល់ព្រម​ផ្លាស់ប្តូរ​លំនៅ​ពី​តំបន់​រមណីយដ្ឋាន​អង្គរ មកកាន់​ភូមិ​ធម្មជាតិ​រុន​តា​ឯក​នេះ​។ ​សម្តេច​តេ​ជោ​ក៏បាន​ណែ​នាំឱ្យ​រដ្ឋមន្ត្រី​សង្គមកិច្ច ចាត់ចែង​រៀបចំ​បណ្ណ​សមធម៌ និង​បណ្ណ​ស្ត្រី​មាន​ផ្ទៃពោះ ជូន​ពលរដ្ឋ​ទាំងអស់ ដែល​យល់ព្រម​ផ្លាស់ប្តូរ​លំនៅ​ពី​តំបន់​រមណីយដ្ឋាន​អង្គរ មកកាន់​ភូមិ​ធម្មជាតិ​រុន​តា​ឯក​ដែល​ផ្តល់​សុពលភាព ១០​ឆ្នាំ ផងដែរ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន ណែនាំ​ឱ្យ​ចាក់​កៅស៊ូ​ផ្លូវ​ចូលមក​កាន់​ភូមិ​ធម្មជាតិ​រុន​តា​ឯក​នេះ និង​ត្រូវ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ក្នុងភូមិ​ធម្មជាតិ​នេះ ដែលមាន​ប្រវែង​សរុប ១៤០​គីឡូម៉ែត្រ ខណ​:​ដែល​បច្ចុប្បន្ន​សាងសង់​បាន ១៨​គីឡូម៉ែត្រ​ហើយ​។ ​សម្តេច​តេ​ជោ​ក៏​ណែ​នាំឱ្យ​ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ ចាប់ផ្តើម​ត​ប្រព័ន្ធ​ទឹកស្អាត​ជូន​ពលរដ្ឋ​ភូមិ​ធម្មជាតិ​រុន​តា​ឯក នេះ ដែល​ត្រូវ​ចំណាយ​ថវិកា​ប្រមាណ ៣​លាន​ដុល្លារ​អាមេរិក​។ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បាន​ណែនាំ​ឱ្យ​ខាង​អគ្គិសនី​កម្ពុជា​ក៏ត្រូវ​រៀបចំ​ត​បណ្តាញ​អគ្គិសនី​ចូល​ភូមិ​ធម្មជាតិ​រុន​តា​ឯក​នេះដែរ​។​ ​សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​ស្នើ​ដល់​បក្សនយោបាយ​កុំ​ប្រើ​រឿង​ដោះស្រាយ​បញ្ហា​នៅ​តំបន់​រមណីយដ្ឋាន​អង្គរ ដើម្បី​កេងចំណេញ​ផ្នែក​នយោបាយ ព្រោះ​ជា​តម្រូវការ​របស់​ជាតិ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​អំពាវនាវ និង​ស្នើ​ដល់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់ ផ្តល់ប្រាក់​កម្ចី​ជាមួយ​អត្រា​ការប្រាក់​ទាប​ជូន​ពលរដ្ឋ​រស់នៅ​ភូមិ​ធម្មជាតិ​រុន​តា​ឯក​នេះ ដើម្បីអោយ​បងប្អូន​ប្រជាពលរដ្ឋ​បាន​ប្រើប្រាស់​តាម​តម្រូវការ​នាពេលខាងមុខ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close