កម្ពុជា និងធនាគារអភិវឌ្ឍន៍អាស៊ី វាយតម្លៃខ្ពស់ចំពោះភាពជាដៃគូកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធ
ភ្នំពេញ៖ ឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលការចូលជួបសម្ដែងការគួរសមដោយ លោកស្រី យ៉ុតសាណា វ៉ាម៉ា នាយកស្ថានតំណាងតែងតាំងថ្មីនៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២។
ក្នុងអំឡុងពេលជំនួបសម្តែងការគួរសម ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងការអបអរសាទរចំពោះការតែងតាំងលោកស្រី។ ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីសារសំខាន់នៃភាពជាដៃគូកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងកម្ពុជា និង ADB ព្រមទាំងបានអរគុណ ADB ដែលជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់ ចំពោះការផ្តល់ជំនួយ និងហិរញ្ញប្បទានដល់កម្ពុជានាពេលកន្លងមក ដែលបានរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅកម្ពុជា ជាពិសេសក្នុងអំឡុងពេលដ៏លំបាកនៃការគំរាមកំហែងសុខភាពសកល ADB បានជួយដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការឆ្លើយតបបន្ទាន់ទៅនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ តាមរយៈកម្មវិធីពង្រឹងប្រព័ន្ធសុខាភិបាល បង្កើនការគាំទ្រសង្គមដល់ជនក្រីក្រនិងជនងាយរងគ្រោះ និងផ្តល់ការជំរុញសេដ្ឋកិច្ចដល់អាជីវកម្ម រួមទាំងសហគ្រាសធុនតូច និងមធ្យម។
លោកស្រី យ៉ុតសាណា វ៉ាម៉ា មានការពេញចិត្តចំពោះភាពជាដៃគូជិតស្និទ្ធ និងកិច្ចសហការល្អរវាងភាគីទាំងពីរ។ លោកស្រីបានបង្ហាញនូវសុទិដ្ឋិនិយមចំពោះនិទស្សន៍សេដ្ឋកិច្ចរបស់កម្ពុជា ព្រមទាំងបានអបអរសាទរកម្ពុជាក្នុងនាមជាប្រធានអាស៊ានចំពោះការរៀបចំដោយជោគជ័យនូវកិច្ចប្រជុំរដ្ឋមន្ត្រី ការបរទេសលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធកាលពីដើមខែសីហា ឆ្នាំ២០២២ ដែលបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីកិត្តិសព្ទរបស់កម្ពុជានៅក្នុងសហគមន៍អន្តរជាតិ។
ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី និងលោកស្រី យ៉ុតសាណា វ៉ាម៉ា ទន្ទឹងរង់ចាំធ្វើការរួមគ្នាក្នុងអំឡុងពេលនៃឆ្នាំដ៏ប្រឈមនេះ សំដៅបន្តជំរុញនូវកំណើនប្រកបដោយបរិយាប័ន្ន និងចីរភាព ក្រោយជំងឺកូវីដ-១៩។ ឆ្លៀតឱកាសនេះដែរ ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី ក៏បានជម្រាបលោកស្រី វ៉ាម៉ា ថា សម្តេចតេជោនាយករដ្ឋមន្ត្រី បានផ្ញើលិខិតអញ្ជើញប្រធាន ADB ជាភ្ញៀវរបស់ប្រធានអាស៊ាន ចូលរួមក្នុងកិច្ចសន្ទនាសកលអាស៊ានលើកទី២ ដែលនឹងប្រារព្ធធ្វើឡើងស្របពេលជាមួយនឹងកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅថ្ងៃទី១០-១៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។