ព្រឹក​នេះ សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ប្រកាស​បើក​កិច្ចប្រជុំ រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន​លើក​ទី​៥៤ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ

​នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​១៤ ខែកញ្ញា ឆ្នាំ​២០២២​នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធាន​អាស៊ាន អញ្ជើញ​ជា​អធិបតីភាព​ប្រកាស​បើក​កិច្ចប្រជុំ​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន​លើក​ទី​៥៤ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ ដែល​រៀបចំឡើង​ដោយ​ក្រសួងពាណិជ្ជកម្ម​កម្ពុជា ដែល​ប្រារព្ធ​ធ្វើឡើង​នៅ​សណ្ឋាគារ​សុខា​ខេត្តសៀមរាប​។

​កិច្ចប្រជុំ​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន និង​កិច្ចប្រជុំ​ពាក់ព័ន្ធ គឺជា​កិច្ចប្រជុំ​ដ៏​មាន​សារៈសំខាន់​សម្រាប់​អាស៊ាន និង​ប្រទេស​ជា​ដៃគូ​របស់​អាស៊ាន ដើម្បី​ជំរុញ​កំណើនសេដ្ឋកិច្ច និង​ឆ្លើយតប​នឹង​វិបត្តិ​ដែល​កំពុង​កើតមាន​លើ​សាកលលោក​នាពេល​បច្ចុប្បន្ន​បណ្តាលមកពី​ការប្រកួតប្រជែង​ឥទ្ធិពល​នយោបាយ ការ​រាតត្បាត​ជំងឺ​កូ​វីដ​១៩ និង​សង្គ្រាម​រុ​ស្ស៉ី​-​អ៊ុយ​ក្រែ​ន​។

​ក្នុង​ពិធី​បើក​កិច្ចប្រជុំ​នា​ព្រឹក​ថ្ងៃស្អែក​នេះ សម្តេច​តេ​ជោ ហ៊ុន សែន ក្នុងនាម​ជា​ប្រធាន​អាស៊ាន នឹង​ថ្លែង​សុន្ទរកថា​គន្លឹះ ក៏ដូចជា​ផ្តល់នូវ​ទស្សនទាន​មួយចំនួន ដើម្បី​ជា​ធាតុ​ចូល​សម្រាប់​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន ក៏ដូចជា​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​ប្រទេស​ដៃគូ យកទៅ​ជជែក​ស្វែងរក​កាលានុវត្តន៍​ភាព​សេដ្ឋកិច្ច និង​ដោះស្រាយ​វិបត្តិ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close